រដ្ឋញូវយ៉ក នឹងហាមឃាត់ការលក់ឡាន និងភីកអាប់ធុនស្រាលប្រើសាំង នៅត្រឹមឆ្នាំ ២០៣៥

កាលពីថ្ងៃពុធសប្តាហ៍មុន អភិបាលក្រុងញូវយ៉ក លោកស្រី Kathy Hochul បានចុះហត្ថលេខាលើច្បាប់មួយ ដែលកំណត់គោលដៅធ្វើឲ្យរថយន្តដឹកអ្នកដំណើរថ្មីទាំងអស់ និងរថយន្តភីកអាប់ធុនស្រាល ដែលត្រូវលក់នៅក្នុងរដ្ឋនេះ គ្មានការបំភាយឧស្ម័នពុល នៅត្រឹមឆ្នាំ ២០៣៥។ រដ្ឋនេះក៏កំពុងតែសម្លឹងមើលច្បាប់ដូចគ្នានេះ សម្រាប់រថយន្តភីកអាប់ធុនមធ្យម និង ធុនធំ នៅត្រឹមឆ្នាំ ២០៤៥ ផងដែរ… បើអាច។

“ទីក្រុងញូវយ៉ក កំពុងអនុវត្តផែនការថ្មីបំផុតរបស់ប្រទេស ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជះឥទ្ធិពលដល់អាកាសធាតុរបស់យើង និងដើម្បីសម្រេចបាននូវមហិច្ឆតារបស់យើង ដូច្នេះយើងត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចេញពីវិស័យដឹកជញ្ជូន ដែលបច្ចុប្បន្នជាប្រភពធំបំផុតនៃការបំពុលអាកាសធាតុរបស់រដ្ឋ។” នេះបើយោងតាមសម្តីលោកស្រី Hochul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះដែរ ទីក្រុងញូវយ៉កបាននិយាយថា ដើម្បីបំពេញតាមគោលដៅអាកាសធាតុរបស់ខ្លួន វានឹងត្រូវការម្ចាស់រថយន្តជិត ១ភាគ៤ នៃរថយន្តចំនួន ២ លានគ្រឿង ដើម្បីប្តូរទៅប្រើរថយន្តអគ្គិសនីវិញ នៅឆ្នាំ ២០៣០។ ដើម្បីជួយធ្វើឲ្យគោលដៅនោះក្លាយជាការពិត ទីក្រុងខាងលើបានប្តេជ្ញាថា នឹងតំឡើងកន្លែងសាកភ្លើងរថយន្តអគ្គិសនី ចំនួន ១០ ០០០គ្រឿង នៅចុងទសវត្សនេះ។

គួរឲ្យដឹងដែរថា រដ្ឋញូវយ៉ក បានចូលរួមជាមួយ រដ្ឋកាលីហ្វ័រញ៉ា ក្នុងការកំណត់គោលដៅមួយដែលតឹងរ៉ឹងជាងគោលដៅរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការធ្វើឲ្យ ៥០ ភាគរយនៃរថយន្តថ្មីទាំងអស់ដែលត្រូវបានលក់នៅអាមេរិក ជារថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម