[ទីផ្សារបរទេស] កាលពីសប្តាហ៍មុនកន្លងទៅ រដ្ឋាភិបាលកាណាដាបានចេញផ្សាយសេចក្តីព្រាងសំណើច្បាប់ដែលនឹងអនុវត្តពន្ធប្រណីតលើរថយន្តមានតម្លៃលើ ៧៧ ៩៦៤ ដុល្លារ ខណៈ វិធានការនេះកំពុងទទួលបានការប្រឆាំងពីក្រុមហ៊ុនផលិតរថយន្តផងដែរ។
គួរបញ្ជាក់ថា ពន្ធត្រូវបានគណនាជា ១០% នៃតម្លៃលក់ពេញ ឬ ២០% នៃតម្លៃខាងលើកម្រិតតម្លៃ។ ខណៈ ពន្ធប្រណិតក៏ប៉ះពាល់ដល់រថយន្តគ្មានការបំភាយឧស្ម័ន (ZEV) ដែលមានតម្លៃលើសពីកម្រិតកំណត់ ដែលជាអ្វីដែលធ្វើឲ្យសមាគមអ្នកផលិតរថយន្តកាណាដា (CVMA) ខកចិត្តផងដែរ។
ក្នុងនោះ លោក Brian Kingston នាយកប្រតិបត្តិរបស់ CVMA បាននិយាយថា “កាណាដានឹងមិនសម្រេចបាននៅគោលដៅលើរថយន្តអគ្គិសនីរបស់ខ្លួនដោយគ្មានផែនការផ្តោត និងមហិច្ឆតាក្នុងការជួយប្រជាជនកាណាដាកាន់តែច្រើនក្នុងការប្តូរទៅប្រើប្រាស់អគ្គិសនីនោះទេ” ។ “ការយកពន្ធ ZEVs នៅពេលដែលតម្លៃគឺជាឧបសគ្គដ៏សំខាន់បំផុតសម្រាប់ការទទួលយក ZEV គឺជាខុសគោលការណ៍និងពេលវេលា។”
ក្រុមហ៊ុនផលិតរថយន្តអាមេរិក រួមទាំងឧស្សាហកម្មផ្សេងទៀត បាននិងកំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាអគ្គិសនី ហើយជាពិសេស ក្រុមហ៊ុន GM បានផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួនលើរថយន្តអគ្កិសនីផងដែរ។ ក្នុងនោះ រថយន្តដំបូងរបស់ខ្លួនដែលប្រើប្រាស់គ្រោងឆ្អឹង Ultium អគ្គិសនីថ្មីគឺ GMC Hummer EV ដែលជារថយន្តប្រណិតម៉ូដែល Edition 1 មានតម្លៃ ៩៨ ១៥៥ ដុល្លារ នៅក្នុងប្រទេសកាណាដា ហើយវានឹងមានរថយន្តមួយចំនួនដែលលក់ដោយ Cadillac ផងដែរ។
គួរឲ្យដឹងថា ប្រទេសកាណាដាផ្តល់ការលើកទឹកចិត្តផ្នែកពន្ធលើរថយន្តអគ្គិសនី ប៉ុន្តែសម្រាប់តែរថយន្តដែលមានតម្លៃទាបប៉ុណ្ណោះ រួមទាំង រថយន្តដែលមានកៅអីចំនួនប្រាំមួយ ឬតិចជាងនេះ ដែលមានតម្លៃដើមតិចជាង ៣៥ ០៨៣ ដុល្លារ ឬរថយន្តដែលមានកៅអីចំនួនប្រាំពីរ ឬច្រើនជាងនេះ ដែលមានតម្លៃចេញពីរោងចក្រ (MSRP) តិចជាង ៤២ ៨៨០ ដុល្លារ មានសិទ្ធិទទួលបាន ៣ ៨៩៨ ដុល្លារ ក្នុងការបញ្ចុះតម្លៃពន្ធប្រសិនបើគឺជារថយន្តអគ្គិសនីសុទ្ធ ឬដើរដោយអ៊ីដ្រូសែន។
ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងអញ្ជើញសាធារណជនឲ្យធ្វើអត្ថាធិប្បាយលើច្បាប់នេះ ដែលក្រុមហ៊ុន Global Automakers of Canada lobby បាននិយាយថា វានឹងធ្វើរហូតដល់ថ្ងៃទី ១១ ខែមេសា ប្រសិនបើវាត្រូវបានអនុម័តពីសភាបន្ទាប់ពីនោះ វានឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២៕