រថយន្ដ SUV របស់ Chery បំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ៣០អុីញ នឹងដាក់លក់នៅខែកញ្ញា

ក្រុមហ៊ុន Chery បានបើកការទទួលការបញ្ជាទិញកក់ទុកមុនជាផ្លូវការ លើរថយន្ត SUV ៦កៅអី ម៉ូឌែល Fulwin T11ជាមួយការតម្កល់ប្រាក់ចំនួន ១ ១១១ យន់ ស្មើនិងប្រហែល ១៥៥ ដុល្លារ។ សម្រាប់ការដាក់លក់ជាផ្លូវការត្រូវបានរំពឹងទុកថានឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែកញ្ញា។

ចំពោះរូបរាងទំហំផ្នែកខាងក្រៅរថយន្ត Chery Fulwin T11 ប្រវែងតួខ្លួនសរុប ៥ ១៥០មម ទទឹង ១ ៩៩៥មម កម្ពស់ ១ ៨០០ មមនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ១០០ មម។ រថយន្តនេះបានបំពាក់ដោយប្រព័ន្ធថាមពល range-extender ជំនួសឲ្យប្រព័ន្ធប្រើអគ្គិសនីលាយសាំង (plug-in hybrid) របស់ Chery Kunpeng។ សម្រាប់ម៉ាស៊ីនចំណុះ 1.5 (SQRH4J15) អាចផលិតកម្លាំងអតិបរមា ១១៥ kW (១៥៤ hp) អាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥វិនាទី។

Chery Fulwin T11 បំពាក់មកជាមួយអាគុយ lithium iron phosphate ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Gotion ទំហំ ៣៣,៦៧ kWh និង ៣៩,៩១ kWh ផ្ដល់ជូននូវរយៈចម្ងាយបើកបរបាន ១៧០ គីឡូម៉ែត្រ និង ១៨០ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។

នៅផ្នែកខាងក្នុងរថយន្ដនេះបានបំពាក់មកជាមួយយអេក្រង់កម្សាន្ដទំហំ ៣០ អុីញ កម្រិត 6K រួមបញ្ចូលគ្នា និងភ្ជាប់មកជាមួយប្រព័ន្ធបញ្ជាដោយជំនួយសំឡេង AI។ នៅតំបន់អ្នករួមដំណើរផ្នែកខាងក្រោយ បានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧,៣ អុីញ។ លក្ខណៈពិសេសសំខាន់ផ្សេងទៀតរបស់រថយន្ដនេះរួមមាន៖ ពោងសុវត្ថិភាព ១១គ្រាប់ ឧបករណ៍បំពងសំឡេង ២៣គ្រាប់ ទូទឹកកកដាក់បង្កប់នៅក្នុងកុងសូលកណ្តាល និងស្លាយកុងទ័រ Head Up Display (HUD)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ផ្ទាំងផ្សាយពាណិជ្ជកម្ម