
ក្រុមហ៊ុន BYD បានប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត SUV ប្រណីតលំដាប់ខ្ពស់ Yangwang U8L របស់ខ្លួន ក្នុងតម្លៃ ១.២៨ លានយ័ន ឬស្មើនិងប្រមាណ ១៧៩,៨០០ ដុល្លារ។ រថយន្តនេះបំពាក់បច្ចេកវិទ្យាទំនើបៗរបស់ BYD រួមមាន ប្រព័ន្ធជំនួយការបើកបរទំនើបលំដាប់ខ្ពស់ “God’s Eye” A បច្ចេកវិទ្យា e4 និងប្រព័ន្ធគ្រប់គ្រងតួរថយន្តឆ្លាតវៃ DiSus-P+។
រថយន្ត Yangwang U8L មានទំហំតួរថយន្ត ៥ ៤០០មម ទទឹង ២ ០៤៩មម កម្ពស់ ១ ៩២១មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ២៥០មម។ រថយន្ដនេះបានផលិតឡើងជាមួយគ្រោងឆ្អឹង e4 (Yisifang) របស់ក្រុមហ៊ុន BYD អនុញ្ញាតឲ្យរថយន្ដនេះអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៥ វិនាទី។ អ្វីកាន់តែពិសេសរថយន្ដនេះមានមុខងារគាំទ្រការគ្រប់គ្រងលំនឹងកង់ក្នុងករណីផ្ទុះកង់សូម្បីតែក្នុងល្បឿនលឿន ព្រមទាំងមានមុខងារ tank turn (បត់ដូចរថក្រោះ), crab walk (ដំណើរក្ដាម) និងមុខងារបើកបរលើទឹកពេលមានអាសន្ន។ រថយន្ត Yangwang U8L ផ្តល់ជូនរបៀបបើកបរសរុប ១៣ប្រភេទ រួមទាំងការបើកបរលើព្រិល លើដីខ្សាច់ និងក្នុងស្ថានភាពទឹកជំនន់។
ចូលមកដល់កម្រិតសមត្ថភាពវិញរថយន្ដ BYD Yangwang U8L EREV ដំណើរការដោយម៉ាស៊ីនចំណុះ 2.0 បំពាក់មកជាមួយកញ្ចប់អាគុយ Blade ទំហំ 55.53 kWh រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន៤ ដែលផ្តល់កម្លាំងសរុប ៨៨០ គីឡូវ៉ាត់ (១,១៨០ សេះ) និងកម្លាំងបង្វិល ១ ៥២០ ញូតុនម៉ែត្រ។ ចំពោះចម្ងាយបើកបរដោយអគ្គិសនីសុទ្ធគឺ ២០០ គីឡូម៉ែត្រ ហើយរយៈចម្ងាយសរុបគឺ ១ ១៦០ គីឡូម៉ែត្រពេលប្រើអគ្គិសនីលាយសាំង។ សម្រាប់ការសាកថ្មវាប្រើពេល ១៣.៥ នាទី ដើម្បីសាកថ្មពី ៣០% ទៅ ៨០% ជាមុខងារសាកថ្មល្បឿនលឿន ខណៈធុងសាំងរបស់វាមានចំណុះ ៩០ លីត្រ។
សម្រាប់ប្រព័ន្ធបើកបរ “God’s Eye” A (DiPilot 600) របស់ក្រុមហ៊ុន BYD ដំណើរការដោយឧបករណ៍ចាប់សញ្ញា lidar ចំនួនបី, រ៉ាដារលកមីលីម៉ែត្រ (millimeter-wave radars) ចំនួនប្រាំ, រ៉ាដា ultrasonic ចំនួន ១៤ និងកាមេរ៉ាចំនួន ១៨ ដើម្បីគាំទ្រមុខងារបើកបរដោយស្វ័យប្រវត្តិ Navigate on Autopilot លើផ្លូវល្បឿនលឿននិងនៅទីក្រុង, ប្រព័ន្ធជំនួយការចូលចតរថយន្តដោយស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយចតរថយន្តពីចម្ងាយ។
ផ្នែកខាងក្នុងរថយន្តត្រូវបានរចនាបែប 2+2+2 មានកៅអីចំនួនប្រាំមួយ។ ទំហំនៅផ្នែកខាងក្នុងរបស់ Yangwang U8L មានទំហំ ៥.៣ ម៉ែត្រគូប ហើយមានគម្លាតកន្លែងដាក់ជង្គង់នៅកៅអីជួរទី២ទំហំ ២៨០ ម.ម ហើយទំហំផ្ទុកអីវ៉ាន់អតិបរមាគឺ ១,១១៥ លីត្រ។
រថយន្ដនេះបានបំពាក់ប្រព័ន្ធបញ្ជា DiLink 300 របស់ក្រុមហ៊ុន BYD ដំណើរការដោយបន្ទះឈីប 3nm។ ចំពោះអេក្រង់កម្សាន្ដជាប្រភេទ OLED បែបកោងមានទំហំ 12.8 អុីញ, អេក្រង់កុងទ័រទំហំ 23.6 អុីញ បន្ដែមពីនេះវាក៏មានបន្ថែមមកជាមួយអេក្រង់សម្រាប់អ្នកដំណើរនៅផ្នែកខាងមុខនិងអេក្រង់កម្សាន្ដសម្រាប់អ្នកដំណើរនៅផ្នែកខាងក្រោយ៕