រថយន្ត Honda ZR-V ២០២៣ បង្ហាញខ្លួនលើកដំបូងជាផ្លូវការក្នុងទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត all-new Honda ZR-V ស៊េរីឆ្នាំ ២០២៣ ​ថ្មី​​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​ និងគ្រោងចេញលក់នៅក្នុងឆ្នាំ ២០២២នេះ ក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត all-new Honda ZR-V ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលមានការរចនាដូចគ្នាទៅនឹង Honda HR-V ដែលត្រៀមនឹងដាក់លក់នៅសហរដ្ឋអាមេរិក ប៉ុន្តែ​មាន​លក្ខណៈមួយចំនួន​ខុស​គ្នា​បន្តិច​បន្តួច​ដូចជា​ការ​រចនា​ប៉ាណា​ខាងមុខ, ថាសកង់ស្ព័រ, ការរចនាកាងខាងក្រោយ និងដំបូលកញ្ចក់ Panoramic Sunroof សរុបមក ZR-V មានរូបរាងស្អាតគួរឲ្យកត់សម្គាល់ជាង HR-V នៅលើទីផ្សារពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ក្រុមហ៊ុន GAC Honda មិនបានបង្ហាញព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីនរបស់ Honda ZR-V នោះទេ ប៉ុន្តែ បើតាមឡូហ្គោ “240 Turbo” នៅលើផ្នែកខាងក្រោយបង្ហាញថា រថយន្តនេះនឹងត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ៤ ស៊ីឡាំងដូចគ្នានឹងរថយន្ត Civic បច្ចុប្បន្ន ដែលអាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Honda HR-V ឬ Vezel នៅប្រទេសជប៉ុន ក៏ត្រូវបានដាក់លក់នៅក្នុងប្រទេសចិនផងដែរ ដោយមកក្នុងទម្រង់ជារថយន្តអគ្គិសនី ដែលដាក់ឈ្មោះថា e:NS1 ពី Dongfeng Honda និង e:NP1 ពី GAC Honda។ ទាំងពីរនេះត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួនមួយដែលផលិតកម្លាំងបាន ១៨២ សេះ ភ្ជាប់ជាមួយអាគុយទំហំ ៥៣,៦ គីឡូវ៉ាត់ម៉ោង ឬអាចផលិតកម្លាំងបានដល់ ២០៤ សេះ ជាមួយនឹងអាគុយធំជាងមុនដល់ ៦៨,៨ គីឡូវ៉ាត់ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម