
រថយន្ត BYD Atto 3 ស៊េរីថ្មី អាចនឹងត្រូវដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី ២១ ខែឧសភា ក្រោយបង្ហាញខ្លួនជាសាធារណៈនៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីពេលវេលានៅឡើយទេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ក្នុងស្រុកននិងបុគ្គលិកនៅកន្លែងលក់រថយន្តម្នាក់បាននិយាយថា រថយន្ត BYD Atto 3 បំពាក់ជាមួយបច្ចេកវិទ្យាសាកភ្លើងបានល្បឿនលឿនបំផុត (Flash-charging version) មានភាគរយខ្ពស់អាចនឹងត្រូវដាក់លក់នៅកាលបរិច្ឆេទខាងលើនេះ។
រថយន្ត Atto 3 ស៊េរីថ្មីនេះ បានប្រើប្រាស់អាគុយ Blade Battery ជំនាន់ទី២ របស់ BYD និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត (Flash charging)។ យោងតាមរបាយការណ៍មុនៗ រថយន្តប្រភេទ Crossover នេះផ្ដល់នូវចម្ងាយបើកបររហូតដល់ ៦៣០ គីឡូម៉ែត្រ គិតតាមស្តង់ដារ CLTC និងមានកម្លាំងខ្លាំងរហូតដល់ ៣២៦ សេះ សម្រាប់ម៉ូឌែលបំពាក់ជាមួយ Option ខ្ពស់។

Atto 3 ស៊េរីឆ្នាំ ២០២៦ នឹងរួមបញ្ចូលនូវប្រព័ន្ធជំនួយការបើកបរ God’s Eye C និងប្រព័ន្ធគ្រប់គ្រងលំនឹងនៅពេលផ្ទុះកង់ក្នុងល្បឿនលឿន (TBC)។ លើសពីនេះ BYD ក៏បានកែលម្អផ្នែកខាងក្នុងដោយបំពាក់អេក្រង់កម្សាន្តទំហំ ១៥,៦ អុីញ អាចបង្វិលបានតាមតម្រូវការ, ដំបូលកញ្ចក់ Panoramic sunroof, ទូរទឹកកកនិងការរៀបចំកៅអីអ្នកដំណើរខាងមុខបែប “Queen passenger seat” ដើម្បីបង្កើនភាពធំទូលាយ និងផាសុកភាពសម្រាប់អ្នករួមដំណើរខាងមុខ។
ព័ត៌មានដែលទទួលបានពីភ្នាក់ងារចែកចាយរថយន្ត និងកំពុងចែកចាយតាមអុីនធឺណិតបានបង្ហាញថា រថយន្ត Atto 3 ស៊េរីថ្មី អាចនឹងមានតម្លៃចាប់ផ្តើមពីប្រហែល ១៧ ៦៤០ ដុល្លារ សម្រាប់ម៉ូឌែល 540 Leading។ ចំពោះម៉ូឌែល 540 Beyond អាចនឹងមានតម្លៃប្រហែល ១៩ ១១០ ដុល្លារ ខណៈម៉ូឌែល 630 Beyond មានតម្លៃខ្ទង់ ២០ ៥៨០ ដុល្លារ។
របាយការណ៍មួយនេអបានបន្តថា សម្រាប់ម៉ូឌែល Option ខ្ពស់បំផុតមានតម្លៃ ២២ ០៥០ ដុល្លារ។ ដោយឡែក សម្រាប់រថយន្តបំពាក់បន្ថែមនូវបច្ចេកវិទ្យា LiDAR អតិថិជនអាចនឹងត្រូវបង់ប្រាក់បន្ថែមចំនួន ១ ៧៦៤ ដុល្លារពីលើតម្លៃដើម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BYD មិនទាន់បានប្រកាសចេញនូវតម្លៃលក់រាយផ្លូវការនៅឡើយទេ ដូច្នេះតម្លៃជាក់លាក់របស់រថយន្ដត្រូវរងចាំរហូតដល់ថ្ងៃដាក់លក់ជាផ្លូវការ។
គួរបញ្ជាក់ផងដែររថយន្ត Atto 3 ស៊េរីចុងក្រោយបង្អស់នេះ បានបង្ហាញនូវការរចនាផ្ទៃខាងមុខថ្មី ដោយមានចង្កៀងមុខរាងស្លីមជាងមុន និងការកែលើកាងខាងមុខ។ ចំណែកផ្នែកខាងក្រោយវិញ ទទួលបានការរចនាភ្លើងស្ដុបថ្មី និងការកែប្រែលើគ្រឿងតុបតែងផ្នែកខាងក្រោម៕






















