
Denza ដែលជាម៉ាកយីហោ Premium Brand របស់ក្រុមហ៊ុន BYD បានបើកទទួលកក់ជាផ្លូវការសម្រាប់រថយន្ត N9 Flash Charge Edition ជាមួយតម្លៃចន្លោះពី ៦៥ ២០០ ទៅ ៧២ ៥០០ ដុល្លារ។ រថយន្ដស៊េរីថ្មីនេះ បានបំពាក់មកជាស្តង់ដារនូវអាគុយ Blade Battery ជំនាន់ទី២ និងផ្ដល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានរហូតដល់ ៤២០ គីឡូម៉ែត្រ ព្រមទាំងមានការផ្ដល់ជូននូវអត្ថប្រយោជន៍សាកថ្មល្បឿនលឿនដោយឥតគិតថ្លៃរយៈពេល ១៨ ខែផងដែរ។
យោងតាមបញ្ជីឈ្មោះរថយន្តសន្សំសំចៃថាមពលនិងរថយន្តថាមពលថ្មីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន បានឲ្យដឹងថា រថយន្ត Denza N9 ទទួលបានអាប់ដេតថ្មីនេះ បំពាក់នូវកញ្ចប់អាគុយប្រភេទ LFP ថ្មីពីក្រុមហ៊ុន FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតអាគុយរបស់ BYD។ អាគុយថ្មីនេះមានទំហំផ្ទុកថាមពលរហូតដល់ ៧៥.២៦៤ kWh ហើយមានការកើនឡើងដល់ទៅ ៤០% បើធៀបនឹងកញ្ចប់អាគុយលើរថយន្ដម៉ូឌែលមុនមានទំហំត្រឹមតែ ៤៦.៩ kWh។ ទោះជាយ៉ាងណាក៏ដោយ ជាមួយអាគុយទំហំធំជាងមុននេះ វាបានបន្ថែមទម្ងន់យ៉ាងច្រើនដល់ទៅ ៥៥០ គីឡូក្រាម ធ្វើឲ្យទម្ងន់ទទេរបស់រថយន្តឡើងដល់ ៣ ២៨០គីឡូក្រាម និងទម្ងន់សរុបពេលផ្ទុកឡើងដល់ ៣ ៧៦០គីឡូក្រាម។
ក្រឡេកមកមើលពីបច្ចេកវិទ្យា Flash Charge ផ្ដល់នូវសមត្ថភាពសាកថ្មដ៏អស្ចារ្យ ដោយការសាកពី ១០% ទៅ ៧០% ចំណាយពេលត្រឹមតែ ៥ នាទី និងពី ១០% ទៅ ៩៧% ចំណាយពេលត្រឹមតែ ៩ នាទី ប៉ុណ្ណោះ។ សូម្បីតែក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ ដក ៣០អង្សាសេ (-30°C) ក៏ដោយ ក៏រយៈពេលសាកថ្មតេស្តឃើញថាកើនឡើងត្រឹមតែ ៣នាទីប៉ុណ្ណោះ នេះគឺដោយសារការកែលម្អយ៉ាងស៊ីជម្រៅលើប្រព័ន្ធគ្រប់គ្រងកម្តៅអាគុយ ដែលធានាបាននូវការសាកថ្មដោយស្ថេរភាពក្នុងគ្រប់ស្ថានភាពសីតុណ្ហភាព។
រថយន្ត Denza N9 ជាប្រភេទរថយន្ត Crossover Full-size មានប្រវែងតួខ្លួន ៥ ២៥៨មីលីម៉ែត្រ, ទទឹង ២ ០៣០មីលីម៉ែត្រ, កម្ពស់ ១ ៨៣០មីលីម៉ែត្រនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ១២៥មីលីម៉ែត្រ។ ក្រឡេកមើលប្រព័ន្ធថាមពលរបស់រថយន្ដនេះដំណើរការដោយប្រព័ន្ធថាមពល Parallel Hybrid ដំណើរការដោយម៉ាស៊ីនចំណុះ ២.០ លីត្រ អាចផលិតកម្លាំងបាន ១៥២ kW (២០៤ សេះ) ប៉ុន្តែនៅពេលដំណើររួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ បានបង្កើតកម្លាំងសរុបបានរហូតដល់ទៅ ៦៨០ kW (៩១២ សេះ)។




















