[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត GAC M8 ស៊េរីឆ្នាំ ២០២៣ ជារថយន្តប្រភេទ MPV ដ៏ប្រណិត គ្រោងនឹងដាក់លក់នៅក្នុងទីផ្សារប្រទេសចិននៅខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
GAC M8 ស៊េរីឆ្នាំ ២០២៣ ថ្មី ត្រូវបានផលិតឡើងជាជំនាន់ទី ២ ហើយត្រូវបានរចនាឡើងដើម្បីសង្កត់ធ្ងន់លើភាពប្រណីតជាមួយនឹងការរចនាប៉ាណាមុខមួយផ្ទាំងធំឲ្យឈ្មោះថា “Soaring Wings 2.0” អបដោយចង្កៀងមុខ LED រាងស្លីមត្រូវបានរចនារាងបញ្ឈរ។ ខណៈផ្នែកចំហៀងមានទ្វាររូតអូតូទាំងសងខាង, ថាសកង់ស្ព័រទំហំ ១៧ ដល់ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ 225/60 R17, 225/55 R18 និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
រីឯនៅផ្ទៃខាងក្នុងរបស់ GAC M8 ថ្មីនេះត្រូវបានតុបតែងដោយសង្កត់ធ្ងន់ទៅលើប្រណីតភាព និងផាសុកភាព ភ្ជាប់មកជាមួយដៃចង្កូត multi-function steering wheel កុងទ័រព័ត៌មានទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ។ លើសពីនេះ កាប៊ីនក៏មានពីរពណ៌ដែរគឺ ខ្មៅ និងស ដែលតុបតែងដោយពណ៌ក្រហម មាស និងស និងអាចជ្រើសរើសកែសម្រួលទៅជាកៅអី ៣ ជួរ ៧ កៅអី ឬបត់កៅអីជួរក្រោយដើម្បីប្រែទៅជា ៤ កៅអីផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នរថយន្ត GAC M8 មិនមានព័ត៌មានលម្អិតអំពីម៉ាស៊ីនទេ គ្រាន់តែដឹងថាវានឹងមានទាំងម៉ាស៊ីនសាំង ម៉ាស៊ីនកូនុកាត់ Hybrid និងម៉ាស៊ីន Plug-in Hybrid សម្រាប់ជ្រើសរើស ដោយពឹងផ្អែកលើប្រព័ន្ធ Hybrid របស់ Toyota គួបផ្សំជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រដែលផលិតដោយខ្លួនឯង៕