[ទីផ្សារបរទេស] ក្រុមហ៊ុន MG ប្រចាំប្រទេសហ្វីលីពីនបានធ្វើការដាក់បង្ហាញចេញនៅរថយន្ត MG5 Core Plus សេរ៊ីថ្មី ដែលជាម៉ូដែលផ្តោតលើអតិថិជនដែលកំពុងស្វែងរករថយន្តដែលមានតម្លៃសមរម្យជាចម្បងជាមួយនឹងតម្លៃលក់ត្រឹមតែ ១៤ ២៥៩ ដុល្លារ នៅក្នុងទីផ្សារប្រទេសនេះ។
សម្រាប់រថយន្ត MG5 របស់ហ្វីលីពីនត្រូវបានពង្រីកជម្រើសរបស់អតិថិជនជាមួយនឹងម៉ូដែល Core Plus ថ្មីបំផុតដែលជំនួសបួនម៉ូដែលមុនគឺ MT Core, CVT Core, CVT Style និង CVT Alpha ដោយ Core Plus ត្រូវបានដាក់នៅលំដាប់កណ្តាល ដោយមានភ្ជាប់ជាមួយនឹងឧបករណ៍ស្តង់ដារបន្ថែមទៀតដូចជា cruise control ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត កាំមេរ៉ាមើលក្រោយ។ លើសពីនេះ ក៍មានអេក្រង់កំសាន្តទំហំ ១០ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ។
ខណៈពេលដែលឧបករណ៍ស្តង់ដារផ្សេងទៀតនៃម៉ូដែល MG5 Core Plus រួមមានចង្កៀងមុខប្រភេទ halogen projector, ប្រព័ន្ធបើក-បិទភ្លើងមុខដោយស្វ័យប្រវត្តិ, កញ្ចក់ចំហៀងដែលអាចលៃតម្រូវបាន, ថាសកង់ទំហំ ១៥ អ៊ីញ, កៅអីស្បែក, កៅអីខាងក្រោយដែលអាចបត់រាបស្មើរ, សោបញ្ឆេះពីចម្ងាយ, ការគ្រប់គ្រងស្ថេរភាព ESC, ប្រព័ន្ធហ្វ្រាំង ABS/EBD/BA, ពោងសុវត្ថិភាពខាងមុខពីរ និងប្រព័ន្ធព្រមានខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់កៅអីខាងមុខជាដើម។
បើនិយាយអំពីផ្នែកម៉ាស៊ីននៃរថយន្ត MG5 នៅក្នុងប្រទេសហ្វីលីពីននេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ឬប្រអប់លេខដៃ ៥ វគ្គ៕