ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវរថយន្ត Note Aura សេរ៊ីថ្មី ២០២២ ក្នុងប្រទេសជប៉ុនជាផ្លូវការ ដែលជារថយន្តជំនាន់ថ្មី នៃការឌីស្សាញថ្មី ដែលបានបង្ហាញខ្លួនកាលពីខែកញ្ញាកន្លងទៅ។
សម្រាប់ផ្នែកខាងក្រៅ Note Aura បានបំពាក់ជាមួយចង្កៀងខាងមុខ រូបរាងស្លីម ដែលទទួលបានពីរថយន្តអគ្គិសនី Ariya បន្ថែមជាមួយ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងថាសកង់អាលុយមីញ៉ូម ទំហំ ១៧អ៊ីញ។ ផ្នែកខាងក្នុង បានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ និងឧបករណ៍តន្រ្តីប្រភេទ Bose ចំនួន ១០គ្រាប់។ បន្ថែមពីនេះ ទ្វាទាំងសងខាង, ដំបូលខាងលើ និងកញ្ចក់ខាងមុខ បានភ្ជាប់ជាមួយឧបករណ៍កាត់បន្ថយសម្លេងផងដែរ។
រថយន្ត Note Aura ឆ្នាំ២០២២ ដំណើការដោយម៉ាស៊ីនសាំងចំណុះ ១,៣លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨០សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីនៅខាងក្រោយមួយ ដោយមានកម្លាំងសរុប ១៤៦សេះ និងកម្លាំងរមួល ២០៣ញ៉ូតុនម៉ែត្រ។ រថយន្តនេះបានបំពាក់នូវប្រព័ន្ធ e-Power ដែលមានម៉ូទ័រអគ្គិសនី និងឧបករណ៍បម្លែងថាមពលថ្មី។ ម៉ូទ័រអគ្គិសនីថ្មីអាចបញ្ចេញកម្លាំងបានច្រើនជាងមុន ៦% ហើយម៉ាស៊ីនសាំងក៏អាចសន្សំសំចៃថាមពលបានច្រើនជាងមុនផងដែរ។
រថយន្ត Note Aura សេរ៊ីថ្មី ២០២២ មានជម្រើសពណ៌តួរខ្លួនចំនួន ១៤ពណ៌ និងតម្លៃចាប់ពី ២៣ ៧៣៦ដុល្លារ ដល់ ២៦ ០៨៧ដុល្លារ៕