
រថយន្តអគ្គិសនីលាយសាំង PHEV កំពុងមានការពេញនិយមប្រើប្រាស់យ៉ាងខ្លាំង ដោយសារតែគេយល់ឃើញថា វាមានការសន្សំសំចៃនៃការប្រើប្រាស់ប្រេងឥន្ធនៈ មានភាពទំនើប និងមានការបញ្ចេញផ្សែងទាបជាដើម។ យ៉ាងណាមិញ ការស្រាវជ្រាវមួយបែរជារកឃើញថា រថយន្តប្រភេទនេះ មានបញ្ហាច្រើនដែលត្រូវជួសជុលជាងរថយន្តសាំងសុទ្ធដល់ទៅ ៨០% ឯណោះ។

យោងតាមរបាយការណ៍របស់ Consumer Report ដែលបានធ្វើការស្ទង់មតិពីម្ចាស់រថយន្ត ៣៨ម៉ឺនគ្រឿង គឺបានបង្ហាញថា រថយន្ត PHEV ដែលពួកគេប្រើប្រាស់នោះ បានជួបបញ្ហាធំៗដូចជា អាគុយ ម៉ូទ័រ ប្រព័ន្ធភ្លើង ប្រអប់លេខ ប្រព័ន្ធសាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ចង្កូត បូម ហ្វ្រាំង ការលាន់សំឡេង និងការលេចជ្រាបផ្សេងៗ។
ការប្រទះនឹងបញ្ហារបស់រថយន្ត PHEV ទាំងនេះ បានបង្កើតជាសំណួរថា តើអនាគតរបស់រថយន្តប្រភេទនេះ នឹងទៅជាយ៉ាងណា?

ការពិតទៅ រថយន្ត PHEV ត្រូវបានរចនាឡើង ដោយអាចរត់ទាំងលើម៉ាស៊ីនសាំងផង និងអគ្គិសនីផង។ សម្រាប់ការរត់លើអគ្គិសនីសុទ្ធ រថយន្ត PHEV ខ្លះអាចបើកបានចម្ងាយដល់ជាង ១០០គីឡូម៉ែត្ររាល់ពេលសាកពេញ។ ដូច្នេះហើយ ប្រសិនបើបើកតែក្នុងក្រុង គឺគ្រាន់តែសាកភ្លើងក៏បានដែរ ប៉ុន្តែបើរត់តែលើម៉ូដអគ្គិសនីសុទ្ធបែបនេះ វានឹងធ្វើឲ្យប៉ះពាល់ទៅដល់ម៉ាស៊ីនសាំង ដែលទុកចោលមិនប្រើប្រាស់ ដូចជា បញ្ហាប្រព័ន្ធសាំង ប្រព័ន្ធបញ្ចេញផ្សែង និងប្រព័ន្ធម៉ាស៊ីន រួមមាន ប្រេង និងគ្រឿងបង្គុំជាដើម៕





















