[បរទេស] ក្រុមហ៊ុនផលិត Subaru បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Subaru CROSSTREK ស៊េរីឆ្នាំ ២០២៣ ថ្មី ដំបូងក្នុងពិភពលោកជាមួយនឹងប្រព័ន្ធជំនួយការបើកបរ Subaru EyeSight system ជំនាន់ចុងក្រោយក្នុងប្រទេសជប៉ុន។
Subaru CROSSTREK គឺជាឈ្មោះថ្មីរបស់ Subaru XV ដែលនឹងប្រើប្រាស់ទូទាំងពិភពលោក ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Subaru Global Platform ដែលត្រូវបានកែលម្អដើម្បីបង្កើនភាពរឹងមាំនៃរចនាសម្ព័ន្ធរាងកាយ។
ផ្នែកខាងក្រៅនៃរថយន្ត Subaru CROSSTREK ស៊េរីឆ្នាំ ២០២៣ ដែលបានបង្ហាញនៅក្នុងប្រទេសជប៉ុន ត្រូវបានរចនាឡើងវិញទាំងស្រុង មកជាមួយនឹងប៉ាណាមុខ និងចង្កៀងមុខ LED ត្រូវបានរចនាថ្មី ខណៈពេលដែលផ្នែកចំហៀងត្រូវបានតុបតែងជាមួយនឹងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយរចនាថ្មីដែលរចនារាងអក្សរ C ផងដែរ។
រីឯនៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១១,៦ អ៊ីញដូចគ្នានៅលើ Levorg និង WRX S4 លើសពីនេះ បន្ថែមនូវភាពស្ងាត់ដល់ផ្នែកខាងក្នុងជាមួយការបំពាក់ដោយបន្ទះកាត់បន្ថយសំឡេង រួមទាំងការអភិវឌ្ឍរចនាសម្ព័ន្ធកៅអីថ្មី ក្នុងការកាត់បន្ថយរំញ័រផងដែរ។
នៅផ្នែកសុវត្ថិភាព ប្រព័ន្ធកាំមេរ៉ា Wild-angle mono Camera ត្រូវបានធ្វើការជាមួយប្រព័ន្ធ EyeSight system ជំនាន់ថ្មី។ សម្រាប់ការចាប់យកសញ្ញាឧបសគ្គពី អ្នកធ្វើដំណើរ និងអ្នកថ្មើរជើងកាន់តែប្រសើរឡើងជាមួយនឹងកាំមេរ៉ាភ្លោះ (Stereo Camera Unit) ដែលអាចចាប់វត្ថុទាំងជិត និងឆ្ងាយយ៉ាងមានប្រសិទ្ធភាព។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ e-Boxer និងម៉ូទ័រអគ្គិសនី ដោយក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតអំពីកម្លាំងម៉ាស៊ីននៅឡើយទេ ភ្ជាប់ជាមួយប្រអប់លេខ Lineartronic CVT ដ៏ល្បីរបស់ Subaru និងប្រព័ន្ធបើករបរ Symmetrical AWD។
ការចេញលក់នៅលើទីផ្សារនៃរថយន្ត Subaru Crosstrek គ្រោងនឹងដាក់លក់នៅឆ្នាំ ២០២៣។ ការលក់នឹងចាប់ផ្តើមពីប្រទេសជប៉ុន ហើយចាប់ផ្តើមចេញជាបណ្តើរៗទៅកាន់ទីផ្សារពិភពលោកផ្សេងទៀត៕