
[បរទេស] លេចលឺព័ត៌មានបែកធ្លាយថាក្រុមហ៊ុន Zeekr កំពុងត្រៀមដាក់បង្ហាញរថយន្ត hypercar ម៉ូឌែល 001 FR ជំនាន់ថ្មី មានកម្លាំងលើសពី ២ ០០០សេះ។ ប្រសិនបើពាក្យចចាមអារ៉ាមទាំងនេះក្លាយជាការពិត នោះវានឹងធ្វើឲ្យរថយន្ដនេះក្លាយជារថយន្ដផលិតនៅប្រទេសចិនដំបូងគេដែលឈានដល់កម្រិតសមត្ថភាពខ្លាំងបែបនេះ។
ម៉ូឌែលថ្មីនេះក៏ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយមានតួខ្លួនត្រូវបានកែសម្រួលដើម្បីកាត់បន្ថយទម្ងន់ និងការកែតម្រូវឡើងវិញប្រព័ន្ធហ្វ្រាំង និងសំបកកង់របស់វា ដើម្បីទប់ទល់នឹងកម្លាំងដ៏មហិមានេះ។ រថយន្ត Zeekr 001 FR គឺជាប្រភេទ hypercar អគ្គិសនីសុទ្ធដែលបានបង្ហាញខ្លួនដំបូងជាមួយនឹងតម្លៃចាប់ផ្តើម ១០៧,០០០ ដុល្លារអាមេរិក កាលពីខែតុលា ឆ្នាំ ២០២៣។ រថយន្ដម៉ូឌែលគឺជារថយន្ដដែលមានសមត្ថភាពខ្ពស់ស្រាប់ហើយ ដោយអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែ ២.០២ វិនាទីប៉ុណ្ណោះ មានសមត្ថភាពអាចផលិតកម្លាំងអតិបរមាបាន ១ ២៦៥ សេះ។
រថយន្ត 001 FR អាចផលិតកម្លាំងខ្លាំងបែបនេះ ពឹងផ្អែកលើម៉ូទ័រអគ្គិសនីចំនួន៤ (quad-motor distributed electric drive system) រថយន្ដនេះក៏បំពាក់មគជាមួយអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចសាកថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេល ១៥ នាទី។ រថយន្ដនេះផ្តល់ជូននូវរបៀបបើកបរពិសេសៗ រួមមាន “Raikkonen Mode” ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍បើកបរស្រដៀងទៅនឹងការប្រណាំងរថយន្ដជើងឯក F1 និង “Overclocking Mode” សម្រាប់បង្កើនកម្លាំងថាមពលជាពិសេស។
កាលពីពីរឆ្នាំមុន នៅពេលដែលក្រុមហ៊ុន Zeekr បានដាក់បង្ហាញរថយន្ត 001 FR មានកម្លាំងដល់ ១ ៣០០ សេះ ជាលើកដំបូង ពួកគេបានប្រកាសយ៉ាងមោទនភាពនៅលើបណ្ដាញសង្គមថា “គូប្រជែងរបស់ខ្លួននឹងមិនអាចបង្កើតរថយន្តបែបនេះបានក្នុងរយៈពេល ៥ ឆ្នាំទេ”។
ទោះជាយ៉ាងណាក៏ដោយ កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុន Xiaomi បានបង្ហាញរថយន្ត SU7 Ultra ដែលមានកម្លាំងសដល់ ១,៥០០ សេះ។ រឿងនេះហើយជាចំណុចចាប់ផ្ដើមធ្វើឲ្យក្រុមហ៊ុន Zeekr កំពុងអភិវឌ្ឍរថយន្តជំនាន់ថ្មីដែលមានកម្លាំង ២,០០០ សេះ ដើម្បីយកឈ្នះក្រុមហ៊ុន Xiaomi។ ប្រសិនបើរថយន្ដ Zeekr 001 FR មានកម្លាំងលើសពី ២,០០០ សេះ លេចចេញជារូបរាង នេះបង្ហាញពីការអភិវឌ្ឍកាន់តែអស្ចារ្យនៅទីផ្សារប្រភេទឡាន hypercar ប្រើអគ្គិសនី ហើយនឹងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន៕