
រថយន្ត Geely Galaxy Starship 9 ដែលជារថយន្តប្រភេទ crossover ដំណើរការជាមួយម៉ាស៊ីន plug-in hybrid (PHEV) ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន អំឡុងពេលធ្វើតេស្តបើកបរលើផ្លូវ។ ក្រុមហ៊ុន Geely កំពុងត្រៀមខ្លួនដើម្បីដាក់លក់រថយន្តនេះនៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដែលជាជម្រើសដំបូង (entry-level) ជាមួយតម្លៃចន្លោះពី ២០០ ០០០ ដល់ ៣០០ ០០០ យ័ន (ប្រហែល ២៧ ៥០០ ដល់ ៤១ ២៦០ ដុល្លារអាមេរិក)។
Geely Galaxy គឺជាម៉ាកឯករាជ្យមួយក្រោមក្រុមហ៊ុន Geely Group ដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៣។ កាលពីឆ្នាំមុន ម៉ាកយីហោ Galaxy បានផលិតរថយន្ដអគ្គិសនីជាច្រើមម៉ឌែលរួមមាន Galaxy E5 (Geely EX5), Galaxy Xingyuan និង Geely Starship 7 ។ ជាលទ្ធផល ទំហំលក់របស់ Galaxy បានកើនឡើង ៣.៨ ដងក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំមុន។ Starship 9 នឹងក្លាយជាកត្តាជំរុញមួយទៀតក្នុងការរក្សាកំណើនលក់របស់ពូួកគេ។
រថយន្ត Geely Galaxy Starship 9 បានដាក់បង្ហាញដំបូងនៅឯពិព័រណ៍រថយន្តក្រុងប៉េកាំង ឆ្នាំ ២០២៤។ វាគឺជារថយន្ត SUV ទំហំធំមួយដែលមានទ្វារបើកបញ្ច្រាស (suicide doors) រួមទាំងកញ្ចក់ទ្វារបើកឡើងលើ ប្រើកាមេរ៉ាជំនួសកញ្ចក់ចំហៀង ដៃទ្វារលាក់។ កាលពីឆ្នាំមុនរថយន្តគម្រូនេះ បានឈ្នះពានរង្វាន់ Red Dot Award Design Concept 2024។
រថយន្ត Geely Galaxy Starship 9 ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន អំឡុងពេលធ្វើតេស្តបើកបរលើផ្លូវ ដោយមានបិទបាំងជិតឈឹង (wearing heavy camouflage)។ វារក្សាបានទម្រង់តួរថយន្តដូចរថយន្តគំនិតដែលបានបង្ហាញកាលពីឆ្នាំមុន។
ចង្កៀងក្រោយរចនាបែប (taillight unit) របស់ Galaxy Starship 9 រក្សាបានរាងប្លែកពីគេ និងមានអក្សរ Geely នៅលើនោះ។ វាបញ្ជាក់ថារថយន្តនេះនឹងត្រូវលក់នៅក្រៅប្រទេសក្រោមម៉ាក Geely ស្រដៀងនឹង Galaxy E5 (ដែលគេស្គាល់នៅក្រៅប្រទេសថា Geely EX5)។ ផ្នែកខាងមុខរបស់ Galaxy Starship 9 មានឧបករណ៍ចាប់សញ្ញា LiDAR នៅលើដំបូល។ កាងខាងមុខរបស់រថយន្តមានរន្ធខ្យល់ចូលធំល្មមជាមួយនឹងរ៉ាដា mm-wave រួមបញ្ចូលគ្នា។
Galaxy Starship 9 ផលិតឡើងផ្អែកលើគ្រោងឆ្អឹង GEA (Global Intelligent Electric Architecture) របស់ Geely និងប្រើប្រាស់ប្រព័ន្ធ hybrid Leishen (NordThor) 2.0។ រថយន្ដនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន១ អាចបើកបរបានចម្ងាយ ១ ៤២០ គ.ម នៅពេលប្រើប្រាស់សាំងលាយជាមួយអគ្គិសនី។
រថយន្ដ Galaxy Starship 9 ក៏បំពាក់មកជាមួយអាគុយ២ជម្រើសផ្សេងគ្នាក្នុងនោះរួមមានអាគុយទំហំ ៨.៥ kWh អាចបើកបរដោយអគ្គិសនីបាន ៥៥ គ.ម និងអាគុយទំហំ ១៩.០៩ kWh អាចបើកបរដោយអគ្គិសនីបាន ១២០ គ.ម៕