
សេនស័រម៉ាសខ្យល់ (Mass Air Flow Sensor) គឺជាគ្រឿងបង្គុំដ៏សំខាន់បំផុតមួយក្នុងប្រព័ន្ធខ្យល់របស់រថយន្ត ដែលមានតួនាទី វាស់ចំនួនម៉ាស និងដង់ស៊ីតេខ្យល់ដែលចូលក្នុងម៉ាស៊ីន ដើម្បីអាចឲ្យប្រព័ន្ធ ECU ធ្វើការគណនា ក្នុងការដុតជាមួយល្បាយឥន្ធនៈនៅបន្ទប់ចំហេះក្នុងស៊ីឡាំងនីមួយៗ។

អាការៈដែលបង្ហាញពីការខូចសេនស័រម៉ាសខ្យល់នេះ ស្រដៀងនឹងបញ្ហានៃការខូចប៊ិចសាំងដែរ រួមមានដូចខាងក្រោមនេះ៖
១. ចេញឆេក៖ នៅពេលសេនស័រនេះខូច វានឹងចេញសញ្ញាឆេក ដោយលេខកូដរបស់វា ចាប់ពី P0100 ដល់ P0104។
២. ពិបាកបញ្ឆេះ និងការ៉ង់ទីញ័រ៖ នោះក៏ដោយសារតែការដុតរវាងល្បាយខ្យល់ និងល្បាយសាំង មិនសមាមាត្រគ្នា។
៣. ល្បឿនស្ទក់៖ នៅពេលជាន់ហ្គែរបង្កើនល្បឿន គឺត្រូវការបន្ថែមចំនួនខ្យល់ និងសាំង ប៉ុន្តែដោយសារបញ្ហាសេនស័រម៉ាសខ្យល់នេះ ទើបមិនអាចបង្កើនល្បឿនតាមតម្រូវការបាន។
៤. ស៊ីសាំងជាងមុន៖ ដោយសារតែការដុតរវាងខ្យល់ និងសាំង មិនសមាមាត្រគ្នា ឬមានខ្យល់មិនគ្រប់គ្រាន់ ទើបត្រូវបឺតសាំងបន្ថែមដើម្បីបង្គ្រប់។
៥. ចេញផ្សែងខ្មៅ៖ នោះក៏ដោយសារមានវត្តមានសាំងច្រើនពេកក្នុងបន្ទប់ចំហេះ ទើបធ្វើឲ្យមានការបញ្ចេញផ្សែងខ្មៅ។
ដូច្នេះ ប្រសិនអ្នកប្រើប្រាស់រថយន្ត បានជួបអាការៈទាំងនេះ គួរយកចូលការ៉ាស់ត្រួតពិនិត្យនូវសេនស័រម៉ាសខ្យល់នេះ។ ប្រសិនបើពិនិត្យឃើញថា វាមិនមានបញ្ហាខូចអ្វីទេ ដោយគ្រាន់តែមានភាពកខ្វក់ គឺជាទូទៅ គេលាងសម្អាតវាសាកល្បងជាមុនសិន៕























