រថយន្តចេញផ្សែង សុទ្ធតែបញ្ជាក់ពីកំហូចផ្សេងៗទៅតាមពណ៌របស់វា

ពេលឃើញរថយន្តចេញផ្សែងតាមបំពង់ស៊ឺមុំាង សូមកុំទាន់ភ័យស្លន់ស្លោរពេកអី ដោយលោកអ្នកគ្រាន់តែពិនិត្យឲ្យបានច្បាស់លាស់​របស់ផ្សែងនោះ ថាតើវាចេញផ្សែងតិច ឬច្រើន មានពណ៌អ្វី ហើយចេញផ្សែងរាល់ពេលណាខ្លះ ដើម្បីអាចកំណត់បញ្ហារបស់​វា សម្រាប់ជំហានដំបូង។

១. ផ្សែងពណ៌ស

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើបញ្ឆេះរថយន្តនៅពេលមានអាកាសធាតុត្រជាក់ ឃើញចេញផ្សែង​ពណ៌សស្រាល នោះគឺវាមិនមានបញ្ហាអ្វីឡើយ ព្រោះវាជាចំហាយទឹកតែប៉ុណ្ណោះ។ ប៉ុន្តែបើចេញផ្សែងសក្រាស់ និងមានធុំក្លិនដូចទឹកស្អំទៀតនោះ វាបង្ហាញថា ទឹកស្អំ​បានលេចចូលទៅដល់បន្ទប់ចំហេះ ហើយត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ។ មូលហេតុនៃការលេចជ្រាបនេះ អាចបណ្តាលមកពីការឆេះរ៉ងក្បាលគុយឡាស់ ឬប្រេះក្បាលស៊ីឡាំងជាដើម។

២. ផ្សែងពណ៌ខៀវ ឬប្រផេះ

រថយន្តចេញផ្សែងពណ៌ខៀវ ឬពណ៌ប្រផេះ គឺវាបង្ហាញយ៉ាងច្បាស់ថា ប្រេងម៉ាស៊ីន​រថយន្តត្រូវបានលេចចូលដល់ក្នុងបន្ទប់ចំហេះ និងត្រូវបានដុតជាមួយខ្យល់ និងឥន្ធនៈ ផងដែរ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យរថយន្តបាត់ប្រេង។ កត្តាដែលបណ្តាលឲ្យលេចប្រេងនេះ រួមមានដូចជា ការសឹកក្រ​វាត់ពីស្តុង រិញស៊ូប៉ាប់អស់គុណភាព ឆេះរ៉ងក្បាលគុយឡាស់ ចាក់ប្រេងម៉ាស៊ីនលើស និងការខូចវ៉ាល់ PCV ដែលធ្វើឲ្យសម្ពាធប្រេងកើនឡើង។ ក្រៅពីនេះ វាក៏ពាក់ព័ន្ធ​នឹង​ការលេចប្រេងប្រអប់លេខ និងបញ្ហាទាក់បូ​ផងដែរ។

៣. ផ្សែងខ្មៅ

បើរថយន្តចេញផ្សែងពណ៌ខ្មៅ គឺភាគច្រើនពាក់ព័ន្ធនឹងឥន្ធនៈ ដែលវាត្រូវដុតច្រើនពេក ធៀបជាមួយល្បាយខ្យល់។ មូលហេតុនេះបណ្តាលមកពី តម្រងខ្យល់អស់គុណភាព ខូចប៊ិចសាំង និងខូចសេនស័រ Mass Airflow ដែលធ្វើឲ្យវាបញ្ជូនទិន្នន័យខ្យល់​មិនត្រឹមត្រូវ សម្រាប់ដុតចំហេះជាមួយឥន្ធនៈ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម