រថយន្តដែលមានផ្លាកលេខពិសេសកម្ពុជា ពេលលក់រថយន្តចេញឲ្យអ្នកផ្សេង តើអាចដកផ្លាកលេខទុកបានទេ?

ផ្លាកលេខពិសេសផ្ទាល់ខ្លួន ឬផ្លាកលេខកម្ពុជា គឺត្រូវបានអនុញ្ញាតឲ្យម្ចាស់កម្មសិទ្ធិប្រើលេខដែលខ្លួនជ្រើសរើសនេះ បានពេញមួយជីវិត និងអាចប្រើដល់តកូនតចៅ មិនថាផ្លាស់ប្តូររថយន្តថ្មីប៉ុន្មានដងនោះទេ។ ប៉ុន្តែសម្រាប់រថយន្តដែលបំពាក់ផ្លាកលេខពិសេសនេះ នៅពេលម្ចាស់លក់រថយន្តចេញទៅឲ្យអ្នកផ្សេង ហើយចង់រក្សាទុកផ្លាកលេខនេះដោយខ្លួនឯង គឺមិនអាចធ្វើបាននោះទេ ពោលគឺត្រូវឆ្លងកាត់នីតិវិធីស្នើសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងបានបញ្ជាក់នាពេលកន្លងមកថា នៅពេលម្ចាស់កម្មសិទ្ធិលក់រថយន្តទៅឲ្យអ្នកផ្សេង អាចស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀត ដោយរថយន្តថ្មីនោះគឺជារថយន្តដែលមិនទាន់ចុះបញ្ជី។ យ៉ាងណាមិញ ដើម្បីអាចរក្សាទុកលេខនេះបាន ម្ចាស់ដើមរថយន្ត ក៏ត្រូវធ្វើការផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះទៅឲ្យអ្នកទិញបន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់បន្ថែមថា ក្រោយលក់រថយន្ត និងកាត់ឈ្មោះចេញរួចរាល់ ម្ចាស់កម្មសិទ្ធិនៃលេខពិសេសផ្ទាល់ខ្លួន អាចស្នើសុំរក្សាទុកលេខនេះបានត្រឹម ៣ខែ ឬ ៩០ថ្ងៃប៉ុណ្ណោះ ដោយត្រូវបង់កម្រៃសេវា ៤លានរៀល ដើម្បីយកទៅបំពាក់លើរថយន្តថ្មី។ បើលើសរយៈពេលនេះ ហើយនៅមិនទាន់ដាក់លើរថយន្តថ្មីទៀត នោះលេខពិសេសនេះ នឹងត្រូវបង្វិលចូលទៅក្នុងប្រព័ន្ធរបស់ក្រសួងវិញ ហើយទឹកប្រាក់ដែលបានទិញលេខពិសេសនេះ និងការចំណាយលើសេវាផ្សេងៗទាំងអស់ ក៏មិនត្រូវបានប្រគល់ឲ្យវិញដែរ។

ជារួម គ្រប់នីតិវិធីទាំងអស់ រាប់ចាប់តាំងពីការស្នើសុំទិញលេខពិសេស ការផ្ទេរកម្មសិទ្ធិ ការស្នើសុំរក្សាទុក និងការដាក់លេខលើរថយន្តថ្មី គឺត្រូវធ្វើតាមច្បាប់ និងការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕ សូមជម្រាបថា លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម