
ក្រុមហ៊ុន Nissan បានប្រកាសជាផ្លូវការថា ពួកគេកំពុងរៀបចំដំណើរការផលិតរថយន្តថ្មីៗ និងរចនាឡើងវិញចំនួន ១៣ ម៉ូឌែល ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដើម្បីប្រកួតប្រជែងក្នុងឧស្សាហកម្មរថយន្តដែលកំពុងតែមានភាពប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ។
ចំពោះរថយន្តថ្មីៗទាំងនេះ រួមមានប្រភេទប្រើម៉ាស៊ីនចំហេះក្នុងធម្មតា, Hybrid, Plug-in Hybrid និងអគ្គិសនីសុទ្ធ (EV) ដើម្បីបំពេញតម្រូវការអតិថិជននៅក្នុងតំបន់ផ្សេងៗ។
សម្រាប់នៅសហរដ្ឋអាមេរិក, Nissan នឹងបញ្ចេញ Leaf ជំនាន់ថ្មី ដែលផ្លាស់ប្តូររចនាបថពី Hatchback ទៅ Crossover ជាមួយរូបរាងស្ព័រ ប្រើប្រាស់នូវថាសកង់ ១៩ អ៊ីញ និងគាំទ្រប្រព័ន្ធសាក Tesla Supercharger (NACS Charging Port)។ រួចមកគឺ Nissan Sentra ជាមួយរចនាបទថ្មីដែលទាក់ទាញជាងមុន និង Rogue ឆ្នាំ២០២៦ ដែលមានទាំងជម្រើស Hybrid និង Plug-in Hybrid ។
ចំណែកនៅអឺរ៉ុប, Nissan នឹងចេញ Micra EV និង Juke EV ដែលជាម៉ូឌែលអគ្គិសនីទាំងស្រុង ដែលនឹងផ្អែកលើរចនាបទ Hyper Punk Concept ។ ជាមួយគ្នានេះ សម្រាប់ Qashqai នឹងទទួលបានប្រព័ន្ធ Hybrid e-Power ជំនាន់ទី ៣ ។
ក្នុងទីផ្សារតំបន់ Latin America និងអូស្ត្រាលី, Nissan នឹងបញ្ចេញ Navara/Frontier ជំនាន់ថ្មី ដែលមានរូបរាងកាន់តែរឹងមាំ និងប្រព័ន្ធបើកបរឆ្លាតវៃ។ ចំណែកនៅតំបន់អាស៊ីនឹងមានការផលិតរថយន្តប្រទេស SUV និង Minivan ថ្មី នៅឥណ្ឌា។
គួរឲដឹងថា បច្ចុប្បន្ននេះ Nissan ក៏កំពុងបន្តអភិវឌ្ឍន៍ប្រព័ន្ធ e-Power Hybrid ថ្មីផងដែរ រួមជាមួយនឹងការបង្កើនការវិនិយោគលើរថយន្តអគ្គិសនី ដើម្បីបំពេញតម្រូវការទីផ្សារនាពេលអនាគត៕