រថយន្តថ្មីជាង ៤០ ម៉ូដែលត្រូវបានបង្ហាញ គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ២០២៣

[បរទេស] យោងទៅតាមគេហទំព័រ Motor1 បានឲ្យដឹងថា រថយន្តស៊េរីថ្មីសរុបចំនួន ៤៣ ម៉ូដែលត្រូវបានបង្ហាញដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣ ចំនួន​នេះ​រាប់​បញ្ចូល​តែ​រថយន្ត​ស៊េរី​បន្តបន្ទាប់ ឬ​រថយន្ត​ថ្មី​ទាំង​ស្រុង ហើយ​មិន​រាប់​បញ្ចូល​រថយន្តដែលត្រូវបានកែមុខមាត់ថ្មី​ទេ។

ក្នុងនោះ រថយន្តរបស់ប្រទេសចិនមានចំនួនជិតពាក់កណ្តាលនៃការចុះបញ្ជីរថយន្តស៊េរីថ្មីនៅក្នុងត្រីមាសទី ២ ដោយមានរថយន្តសរុបចំនួន ១៩ ម៉ូដែល ត្រូវបានដាក់បង្ហាញនៅក្នុងអំឡុងខែមេសាដល់ខែមិថុនា។ ខណះទីផ្សារអឺរ៉ុបបានដាក់បង្ហាញរថយន្តស៊េរីថ្មីសរុបចំនួន ៩ ម៉ូដែល និងជប៉ុនចំនួន ៥ម៉ូដែលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​របស់​ពិភពលោក Toyota បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​សរុប​ចំនួន ៧ ក្នុង​ត្រីមាស​ទីពីរ ចាប់ពីខែមេសា ដល់ ខែមិថុនា មានដូចជា ភីកអាប់ Tacoma ជំនាន់ទី ៤ សម្រាប់ទីផ្សារអាមេរិកខាងជើង និង Yaris Cross សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍, Lexus LM minivan សម្រាប់ទីផ្សារអាស៊ី និងអឺរ៉ុប និងរថយន្ត Toyota Alphard  ជំនាន់ទី៤ MPV ខ្នាតធំ ដែលទើបនឹងចេញថ្មី ក៏ជាម៉ូដែលមួយក្នុងចំណោមរថយន្តស៊េរីថ្មីដែលត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុន Toyota ក្នុងត្រីមាសទីពីរផងដែរ។

ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនរថយន្តលំដាប់ទីពីរនៅទូទាំងពិភពលោកបន្ទាប់ពីក្រុមហ៊ុន Toyota នៅពេលដែលខ្លួនបានបញ្ចេញរថយន្តស៊េរីថ្មីចំនួន ៥ ម៉ូដែលនៅក្នុងត្រីមាសទីពីរ។ ខណះ Geely មកពីប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងការចេញលក់រថយន្តសរុបចំនួន ៤ ម៉ូដែលនៅចន្លោះខែមេសាដល់ខែមិថុនា។

សរុបមក ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក បានដាក់លក់រថយន្តប្រភេទ SUV ចំនួន ២៥ គ្រឿង ក្នុងនោះ ១៣ គ្រឿងមកពីប្រទេសចិន ៤ គ្រឿងមកពីអឺរ៉ុប ៣ គ្រឿងនៅឥណ្ឌា ៣ គ្រឿងនៅជប៉ុន និង ១ ម៉ូដែលនៅទីផ្សារអាមេរិក និងឥណ្ឌូនេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម