Hyundai បានឲ្យតម្រុយមកថារថយន្តភីកអាប់ដែលគេទន្ទឹងរង់ចាំគ្រប់គ្នារបស់ខ្លួន អាចនឹងមានប្រភេទកម្លាំងខ្លាំង សម្រាប់ប្រកួតប្រជែងនឹង Ford Ranger Raptor។
ពេលសួរថាតើរថយន្តភីកអាប់ Hyundai អាចនឹងមានប្រភេទ N ឬយ៉ាងណានោះ លោក Albert Biermann មេផ្នែករបស់ Hyundai N បានលើកឡើងថា ៖ “អ្នកត្រូវត្រៀមខ្លួនសម្រាប់គ្រប់យ៉ាងពី Hyundai និង Kia គ្រប់យ៉ាងគឺសុទ្ធតែអាចទៅរួច។ ហេតុនេះហើយគឺវាគ្មានដែនកំណត់នោះទេ”។
ប្រសិនបើផ្នែក Hyundai N បង្កើតនូវភីកអាប់ Hyundai ប្រភេទ N មែននោះ វាអាចនឹងមានការបំពាក់នូវបូមស្រដៀងនឹងបូមលើ Ranger Raptor។ បន្ថែមពីនេះវាអាចនឹងប្រើប្រាស់ម៉ាស៊ីន Turbocharged ៤ ស៊ីឡាំង ចំណុះ ២,០ លីត្រ ដែលផលិតកម្លាំងបានដល់ ៣០០ សេះថែមទៀតផង។
គួរដឹងថារថយន្តភីកអាប់ Hyundai ដែលយករចនាបថតាមរថយន្ត Concept ឈ្មោះ Santa Cruz របស់ក្រុមហ៊ុននោះ គ្រោងនឹងបង្ហាញមុខជាផ្លូវការនៅលើទីផ្សារនាអំឡុងចុងឆ្នាំ ២០២០។ ហេតុនេះប្រភេទដែលមានសមត្ថភាពខ្លាំង អាចនឹងលេចវត្តមាន ១ ឆ្នាំ ឬ ២ ឆ្នាំបន្ទាប់៕