
យោងតាមព័ត៌មានដែលទទួលបានពីប្រភពផ្លូវការ រថយន្ត GAC Aion RT ម៉ូដែលថ្មីប្រភេទបំពាក់ជាមួយបច្ចេកវិទ្យាប្តូរអាគុយបាន (Battery swap version) នឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ៨ ខែមេសា ស្អែកនេះ។ រថយន្ដម៉ូឌែលថ្មីនេះនឹងគាំទ្រទាំងការសាកថ្មតាមបែបធម្មតា និងបច្ចេកវិទ្យាប្តូរអាគុយ អនុញ្ញាតឲ្យវាអាចរប្តូរអាគុយមានថាមពលពេញនៅក្នុងស្ថានីយស្រាប់ប្រើពេលត្រឹមតែ ៩៩ វិនាទីប៉ុណ្ណោះ។ គួររំលឹកផងដែរថា រថយន្តម៉ូឌែលនេះបានបង្ហាញខ្លួននៅក្នុងឯកសារបញ្ជាក់បទប្បញ្ញត្តិតាំងពី ៤ខែមុនមកម្ល៉េះ។
សម្រាប់ពេលបច្ចុប្បន្នរថយន្ត Aion RT កំពុងដាក់លក់រួមមាន ៤ ម៉ូឌែលមានតម្លៃចាប់ពី ១៤ ៥០០ ដល់ ១៧ ៩០០ ដុល្លារ។ ចំពោះរថយន្ដ Aion RT ជាប្រភេទរថយន្តស៊េដានខ្នាតតូច របស់ម៉ាកយីហោមួយនេះ។ នៅផ្នែកខាងមុខប្រើប្រាស់ការរចនាប៉ាណាបិទជិត អមដោយចង្កៀងមុខមានរាងមូលទ្រវែង។ នៅផ្នែកខាងក្រោមចង្កៀងមុខ មានរន្ធខ្យល់រាងអក្សរ L ពណ៌ខ្មៅរលោង និងរន្ធខ្យល់រាងចតុកោណព្នាយ ជួយកាត់បន្ថយការទប់នៃកម្លាំងខ្យល់ឲ្យនៅកម្រិតទាបបំផុត។ ចំណែករូបរាងចំហៀងវិញ រចនាបថបែបឡានស្ព័រ Coupe-style ជាមួយនឹងផ្នែកខាងក្រោយមានរាងចំណោតទាបបែប Fastback។
ជាមួយគ្នានេះបើនិយាយពីទំហំរូបរាងផ្នែកខាងក្រៅរថយន្តនេះមានវប្រវែងតួខ្លួនសរុប ៤ ៨៦៥ មីលីម៉ែត្រ, ទទឹង ១ ៨៧៥ មីលីម៉ែត្រ, កម្ពស់ ១ ៥២០ មីលីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោ ២ ៧៧៥ មីលីម៉ែត្រ។ ងាកមកផ្នែកខាងក្នុងវិញ Aion RT ត្រូវបានបំពាក់ដោយកុងទ័រឌីជីថលទំហំ ៨.៨៨ អុីញ និងអេក្រង់កម្សាន្ដបែបអណ្តែតទំហំ ១៤.៦ អុីញ បំពាក់នូវប្រព័ន្ធកម្សាន្ត ADiGO 5.0 ផ្ដល់នូវផ្ទៃកម្មវិធី បែបថេប្លេត និងគាំទ្រកម្មវិធីប្រើប្រាស់បានយ៉ាងសម្បូរបែប។
ពាក់ព័ន្ធនឹងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ សម្រាប់រថយន្ដមានបំពាក់សេនស័រ LiDAR គឺប្រើប្រាស់បច្ចេកវិទ្យា LiDAR ១២៦ ខ្សែ រួមជាមួយបន្ទះឈីប Nvidia Orin-X ផ្ដល់នូវកម្លាំងគណនារហូតដល់ ២៥៤ TOPS។ យោងតាមម៉ូឌែលរថយន្ដកំពុងដាក់លក់នាពេលបច្ចុប្បន្ន រថយន្តនេះត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រូនិកប្រភេទ Permanent magnet synchronous drive motor អាចផលិតអតិបរមាត្រូវបាន ២០៤ សេះ និង ២២៤ សេះ អាស្រ័យលើជម្រើសនៃម៉ូឌែលរថយន្ដ។ ចំពោះអាគុយវិញ រាល់ម៉ូឌែលលបច្ចុប្បន្នទាំងអស់ត្រូវបានបំពាក់ជាស្តង់ដារនូវអាគុយប្រភេទ Lithium Iron Phosphate (LFP) 2.0 ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL មានទំហំ ៥៥.១ kWh និង ៦៨.១ kWh អាចបើកបរបានចម្ងាយចន្លោះពី ៥២០ គីឡូម៉ែត្រ ដល់ ៦៥០ គីឡូម៉ែត្រ យោងតាមស្ដង់ដារវាស់ចម្ងាយ CLTC។
ក្នុងចំណោមដៃគូសហការជាច្រើនលើបច្ចេកវិទ្យាប្តូរអាគុយ Choco-SEB របស់ក្រុមហ៊ុន CATL ឃើញថា GAC និង Changan ជាអ្នកដែលកំពុងដឹកមុខគេក្នុងវិស័យនេះ។ ក្រុមហ៊ុន GAC មានរថយន្តចំនួន ២ ម៉ូឌែលរួចទៅហើយ បំពាក់ជាមួយមុខងារប្តូរអាគុយគឺម៉ូឌែល UT Super និង Aion RT ហើយម៉ូឌែល N60 ប្រភេទប្តូរអាគុយបានក៏កំពុងត្រៀមខ្លួនបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះផងដែរ៕















