រថយន្តអគ្គិសនី MG4 ស៊េរីថ្មីទទួលបានការបញ្ជាទិញកក់ទុកមុនចំនួន ១មុឺន គ្រឿងក្នុងរយៈពេល ២៤ម៉ោង

ក្រោយការបង្ហាញខ្លួនជាផ្លូវការ រថយន្ត All new MG4 របស់ក្រុមហ៊ុន SAIC Motor ទទួលបានការកក់ទុកមុនចំនួន ១១ ០៦៧ គ្រឿងក្នុងរយៈពេល ២៤ ម៉ោង។ រថយន្តអគ្គិសនីប្រភេទ hatchback ថ្មីនេះផ្តល់ជូនជាមួយជម្រើស៤ម៉ូឌែលផ្សេងគ្នា ហើយបានបើកធ្វើការដាក់លក់ទុកមុនជាមួយតម្លៃចាប់ពី ១០ ១០០ ដល់ ១៤ ៤០០ ដុល្លារ។ ទោះជាយ៉ាងណាសម្រាប់ម៉ូឌែល ប្រើប្រាស់អាគុយប្រភេទ semi-solid state battery ក្រុមហ៊ុនមិនទាន់ប្រកាសពីតម្លៃនៅឡើយទេ

រថយន្ត MG4 EV ត្រូវបានផលិតឡើងនៅលើវេទិកាស្ថាបត្យកម្មរថយន្ដអគ្គិសនីសុទ្ធ E3 របស់ SAIC ហើយត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅខែកញ្ញា។ ផ្នែកខាងក្រៅនៃរថយន្ត MG4 EV ថ្មីនេះរក្សាទម្រង់រាង hatchback របស់វា។ សម្រាប់ការឌីស្សាញទទួលការបំផុសគំនិតពីរូបរាងផ្នែកខាងមុខរបស់រថយន្ដ MG Cyberster រួមទាំងនិមិត្តសញ្ញា MG ដែលមានពន្លឺផងដែរ។ នៅផ្នែកចំហៀង រថយន្តនេះមានបន្ទាត់តួខ្លួនដែលមើលទៅមានចលនា ព័ទ្ធជុំវិញបង្អួចពណ៌ខ្មៅ និងកង់រាងដូចផ្កាដែលមើលទៅប្លែក ជួយឲ្យរថយន្តមើលទៅមានលក្ខណៈបែបស្ព័រ។ ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្តមានប្រវែងតួខ្លួនសរុប ៤ ៣៩៥ មីលីម៉ែត្រ ទទឹង ១ ៨៤២ មីលីម៉ែត្រ កម្ពស់ ១ ៥៥១ មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២៧៥០ មីលីម៉ែត្រ។

រថយន្ត MG4 ស៊េរីថ្មីនេះ ផ្ដល់ជូនជាមួយជម្រើសអាគុយ lithium iron phosphate ពីរប្រភេទ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • អាគុយទំហំ ៤២.៨ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៤៣៧ គីឡូម៉ែត្រ
  • អាគុយទំហំ ៥៣.៩ kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ

អ្វីកាន់តែពិសេសរថយន្ដនេះអាចសាកថ្មពី ៣០% ទៅ ៨០% ប្រើពេលប្រហែល ២០ នាទី ចំណែកកម្រិតសុីថាមពលអគ្គិសនីវាសុីត្រឹមតែ ១០.៤ kWh ក្នុង ១០០ គីឡូម៉ែត្រ។ បន្ដែមពីនេះរថយន្ដក៏បន្ថែមមកជាមួយប្រព័ន្ធគ្រប់គ្រងកម្ដៅរបស់រថយន្តដែលប្រើបច្ចេកវិទ្យា heat pump អាចជួយរក្សាចម្ងាយបើកបរបានដល់ទៅ ៧៥% បន្ទាប់ពីកម្តៅត្រូវបានដំណើរការនៅសីតុណ្ហភាព -៧°C។

នៅខាងក្នុង រថយន្ត MG4 ត្រូវបានបំពាក់ដោយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ កម្រិត 2.5K ដំណើរការដោយបន្ទះឈីប Qualcomm’s Snapdragon 8155 រួមបញ្ចូលគ្នាជាមួយប្រព័ន្ធ MG×Oppo Smart Mobility System ដែលអនុញ្ញាតឲ្យលោកអ្នកភ្ជាប់ការបញ្ជារវាងទូរស័ព្ទទៅក្នុងរថយន្តយ៉ាងរលូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម