
Volkswagen ត្រៀមចូលក្រឡុកទីផ្សាររថយន្តអគ្គិសនីទៀតហើយ នៅឆ្នាំ២០២៦ខាងមុខនេះ ដោយបានបញ្ចេញរូបភាពរថយន្តអគ្គិសនីថ្មីគឺ ID. Unyx 08។ នេះជារថយន្តអគ្គិសនីទីមួយដែលអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង Volkswagen និង Xpeng។

រថយន្តអគ្គិសនី ID.UNYX 08 ដែលបំពាក់ឡូហ្គូរបស់ Volkswagen ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងរបស់ Xpeng G9 និងប្រើប្រព័ន្ធ ADAS និងបច្ចេកវិទ្យាខ្ពស់ៗផ្សេងទៀតរបស់ XPeng។
រថយន្តនេះ បំពាក់ប្រព័ន្ធសាកភ្លើង 800V ដែលអាចសាកលឿនជាងមុន និងអាចធ្វើដំណើរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ។ យ៉ាងណាមិញ Volkswagen មិនបានបញ្ជាក់ពីទំហំអាគុយរបស់រថយន្តនេះឡើយ ប៉ុន្តែគេដឹងថា វាមកជាមួយម៉ូទ័រ ១ ដែលមានកម្លាំង ៣០៨សេះ និងម៉ូទ័រ២ មានកម្លាំងសរុប ៤៩៦សេះ។

ទំហំរបស់ ID.UNYX 08 គឺមានប្រវែង ៥ម, ទទឹង ១,៩៥ម និងកម្ពស់ ១,៦៨ម ដែលទំហំប៉ុណ្ណេះ ធំជាង XPeng G9 បន្តិច។
ថ្វីបើវាជារថយន្តទី១ ដែលសហការគ្នារវាងក្រុមហ៊ុនទាំង២មែន ប៉ុន្តែ ID. UNYX 08 នឹងក្លាយជារថយន្តទី៣ របស់ក្រុមហ៊ុនរួមទុន Volkwagen Anhui ដែលនឹងចេញលក់ក្នុងប្រទេសចិននៅឆ្នាំក្រោយ បន្ទាប់ពី ID. UNYX 06 និង ID. UNYX 07។

គួរដឹងថា Volkswagen គ្រោងបញ្ចេញរថយន្ត ៣០ម៉ូឌែលដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនក្នុងប្រទេសចិន ក្នុងនោះ ៣០ម៉ូឌែល នឹងជារថយន្តអគ្គិសនី៕
















