ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី AutomobileMag លោក Winkelmann នាយកប្រតិបត្តិក្រុមហ៊ុន Bugatti បានបញ្ជាក់ថាការឌីហ្សាញរូបរាងរថយន្ត SUV របស់ខ្លួនត្រូវបានសម្រេចរួចរាល់ហើយ។ យ៉ាងណាក្ដីនៅចាំតែការអនុញ្ញាតរបស់គណៈគ្រប់គ្រងនៃក្រុមប្រឹក្សាភិបាលតែប៉ុណ្ណោះ ត្បិតថាវាទទួលបានការផ្ដល់មតិវិជ្ជមានពីអតិថិជនធំៗមួយចំនួនក្ដី។
លោកបានលើកឡើងថា ៖ “អតិថិជនធំៗមួយចំនួនបានឃើញវា ហើយពួកគេចូលចិត្តវា។ មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលមានឥទ្ធិពលជាងគេនៅ Bugatti ក៏បានសរសើរអំពីវាដែរ។ ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានកញ្ចប់ថវិកា និងការសម្រេចចិត្តនៅឡើយទេ”។
ពេលសួរថាហេតុអ្វីបានជាចាប់អារម្មណ៍លើរថយន្ត SUV ជាជាងរថយន្តល្បឿនលឿនប្រើថាមពលអគ្គិសនីសុទ្ធនោះ លោកនាយកប្រតិបត្តិខាងលើបានតបថា ដោយសារតែ SUV កំពុងមានតម្រូវការខ្លាំង ហើយមកទល់ពេលនេះមិនទាន់មានអ្នកផលិតរថយន្ត SUV ប្រណីត និងកម្លាំងខ្លាំងមហាសាលបាននៅឡើយទេ។
ក្រៅពីគម្រោងការ SUV នេះដែរ Bugatti ក៏មានគម្រោងផលិតរថយន្ត Chiron ស៊េរីថ្មី ដែលអាចបើកបរបានលើសពីល្បឿន ៥០០ គ.ម/ម៉ ផងដែរ៕