[ប្រទេសជប៉ុន] ក្រុមហ៊ុន Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តកូនកាត់ដ៏ល្បីឈ្មោះរបស់ខ្លួន គឺរថយន្ត Prius ជំនាន់ទី៥ ថ្មី ជាមួយការផ្តល់អោយនូវរូបរាងថ្មី និងទាក់ទាញ ទំហំកាន់តែទូលាយ និងកាន់តែមានប្រសិទ្ធទៅលើម៉ាស៊ីនកូនកាត់របស់វា។
ការផ្លាស់ប្តូរដំបូងត្រូវបានចាប់ផ្តើមជាមួយផ្នែកខាងក្រៅដ៏ទាក់ទាញ ដោយរថយន្តកូនកាត់នេះត្រូវបានបង្កើតឡើងនៅលើរូបរាងបែប Mono-form ដូចជំនាន់មុនរបស់វា ប៉ុន្តែវាបានពង្រីកនៃប្រវែងគម្លាតកង់កាន់តែវែងជាងមុន និងបានបំពាក់ជាមួយថាសកង់ទំហំ ១៩អ៊ីញជាស្តង់ដារ។ ក្រឡេកទៅមើលលើការរចនាវិញ ឃើញថាទទួលបានការរចនាស្រដៀងគ្នាទៅនឹងរថយន្ត Crown ជំនាន់ថ្មីរបស់ក្រុមហ៊ុនខ្លួន ជាពិសេសនូវផ្នែកខាងមុខមានចង្កៀងមុខប្រភេទ LED ស្រដៀងគ្នា និងមានស្តុបក្រោយឌីស្សាញជាខ្សែបន្ទាត់ប្រវែងវែងផងដែរ។
លើសពីនេះ រថយន្តជំនាន់ថ្មីនេះ ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងជំនាន់ទី២ ថ្មី TNGA Platform ដោយបានបំពាក់ជាមួយប្រព័ន្ធទ្រព្យួប្រភេទ Macpherson នៅផ្នែកខាងមុខ និងប្រភេទ Double Wishbone នៅផ្នែកខាងក្រោយ ដែលគ្រោងឆ្អឹងថ្មីនេះ Toyota និយាយថា វានឹងជួយអោយរថយន្តកាន់តែមានលំនឹងនៅលើផ្លូវរាបស្មើ និងផ្លូវបត់។
ជាក់ស្តែងផ្នែកខាងក្នុងវិញគឺត្រូវបានផ្លាស់ប្តូរថ្មីដូចគ្នា ដោយត្រូវបានឌីស្សាញឡើងបែប Island Architecture Styling Language ដែលទាន់សម័យ និងទំនើបជាងមុន និងបានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័របង្ហាញព័ត៌មានបញ្ឈប្រភេទឌីជីថលផងដែរ។
ចំពោះប្រព័ន្ធសុវត្ថិភាពនៃរថយន្តត្រូវបានភ្ជាប់មកជាមួយកញ្ចប់សុវត្ថិភាព Toyota Safety Sense រួមជាមួយ កាំម៉េរា Monocular នៅផ្នែកខាងមុខ, កញ្ចក់មើលក្រោយជាប្រភេទឌីជីថល និងប្រព័ន្ធជំនួយការចតរថយន្ត Advanced Park ជាមួយមុខងារ Remote ពីចម្ងាយផងដែរ។
សម្រាប់ទីផ្សារប្រទេសជប៉ុន Toyota Prius ជំនាន់ទី៥ នេះទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ២ជម្រើស ដោយជម្រើសទី១ ជាមប្រភេទ PHEV ដំណើរការផ្គួបគ្នារវាងម៉ាស៊ីន Dynamic Force ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី និងអាគុយលីដ្យូម ជួយផលិតកម្លាំងសរុបបាន ២២០សេះ ហើយបន្ថែមពីនេះជម្រើសម៉ាស៊ីននេះក៏នឹងបង្កើននូវចម្ងាយនៃការបើកបរឆ្ងាយជាងមុន ៥០ភាគរយផងដែរ។
ចំនែកឯជម្រើសទី២ គឺជាម៉ាស៊ីនប្រព័ន្ធកូនកាត់ Parallel Hybrid របស់ Toyota ដែលអាចផលិតកម្លាំងរហូតបានទៅ ១៩៣សេះ និងបំពាក់មកជាមួយប្រព័ន្ធបើកបរ E-Four ដែលជួយបង្កើននូវប្រសិទ្ធភាពនៃការបើកបរកាន់តែប្រសើផងដែរ។
រថយន្ត Prius ថ្មីនេះ ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធសាកថាមពលពន្លឺព្រះអាទិត្យ ដែលបង្កើតថាមពលគ្រប់គ្រាន់សម្រាប់ការបើកបររហូតដល់ទៅ ១ ២៥០ គីឡូម៉ែត្រក្នុងរយៈមួយឆ្នាំ។ ថាមពលអគ្គិសនីដែលបង្កើតឡើងនៅពេលរថយន្តកំពុងចតត្រូវបានប្រើដើម្បីសាកថ្មរបស់អាគុយ ហើយប្រព័ន្ធនេះក៏ផ្គត់ផ្គង់អគ្គិសនីសម្រាប់ម៉ាស៊ីនត្រជាក់ និងមុខងារផ្សេងៗទៀតផងដែរ៕