រាងអេមណាស់! Changan បញ្ចេញរូបភាពរថយន្ត Auchan Z6 មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Auchan Z6 គ្រោងនឹងបង្ហាញខ្លួននៅឯពិព័រណ៍ Beijing Auto Show ឆ្នាំ ២០២២ នៅចុងខែមេសា និងបើកទទួលការកក់ទុកមុននៅថ្ងៃទី៨ ខែមេសា ខណៈតម្លៃនៅមិនទាន់ប្រកាសនៅឡើយនោះទេ។

សម្រាប់រថយន្ត Changan Auchan Z6 មានប្រវែងសរុប ៤ ៦​៩៩ ​ម.ម ទទឺង ១ ៨៩០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៩៥ ម.ម។ សម្រាប់រូបរាងផ្នែកខាងក្រៅមានភ្ជាប់មកជាមួយប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ LED ថ្មី ស៊ុមចង្កៀងកាត់អ័ព្ទថ្មី និងកាងខាងមុខរចនាថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រោយមានការរចនាខុសប្លែកពី Changan UNI-K ជាពិសេស ចង្កៀងក្រោយ LED ថ្មីទាំងអស់ បំពង់ស៊ីមាំងរាងមូលចំនួនពីរ កាងខាងក្រោយរចនាឡើងវិញ ជាមួយនឹងឡូហ្គោ Z06, ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ ស្រោបជាមួយសំបកកង់ 225/55R19។

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនវិញ ត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានទំហំ ១០,២៥ អ៊ីញ ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ 3D អេក្រង់កណ្តាលទំហំ ១២,៣ អ៊ីញ ភ្ជាប់ប្រព័ន្ធ OnStyle 5.0 ចុងក្រោយបង្អស់, ប្រព័ន្ធ EaglePilot 7.0 មានរ៉ាដាចំនួន ១២ រ៉ាដារលក ៣ ម.ម និងកាំមេរ៉ាចំនួន ៥ចំនុច បច្ចេកវិទ្យា AR-HUD និងអេក្រង់បង្ហាញលើកញ្ចក់ 9.1″ HUB  អាចភ្ជាប់ជាមួយទូរស័ព្ទ Huawei, Xiaomi, Oppo ឬ Vivo ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Changan Auchan ត្រូវបានបំពាក់ដោយជម្រើសម៉ាស៊ីនចំនួនពីរប្រភេទរួមមានម៉ាស៊ីនសាំងចំណុះ ១,៥  Blue Whale  turbocharged ផលិតកម្លាំងបាន ១៨៨ សេះ កម្លាំងរមួល ៣០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និង Plug-in Hybrid ។ លើសពីនេះ រថយន្តនេះក៏មានប្រភេទម៉ាស៊ីនសាំងចំណុះ​ ២,០ លីត្រ turbocharged ផលិតកម្លាំងបាន ២៣៣ សេះ និងកម្លាំងរមួល ៣៩០ ញ៉ុតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម