
ការអភិវឌ្ឍរថយន្ត Mercedes S-Class ស៊េរីឆ្នាំ ២០២១ គឺកំពុងតែប្រព្រឹត្តទៅយ៉ាងញាប់ដៃជើង ហើយពេលនេះគេអាចមើលឃើញផ្នែកខាងក្នុងនៃ S-Class ប្រភេទ Maybach។

រូបភាពដែលមានតែមួយសន្លឹកបានបង្ហាញថាផ្នែកខាងក្នុងរបស់ Maybach S-Class គឺមានបំពាក់ដោយអេក្រង់ទំហំធំចំនួនពីរ ដែលមានអេក្រង់មួយប្រើជាកុងទ័របង្ហាញព័ត៌មានស្ថិតនៅពីក្រោយចង្កូតរថយន្ត និងមួយទៀតជាអេក្រង់សម្រាប់ប្រព័ន្ធកម្សាន្ត។
រថយន្ត Maybach S-Class នឹងមានតួខ្លួនវែងជាង S-Class ធម្មតា ហើយរូបរាងក៏មានផ្លាស់ប្ដូរខ្លះៗដែរ ដើម្បីឲ្យខុសពី S-Class ធម្មតា។ វាអាចមានផ្លាស់ប្ដូរការឌីហ្សាញកាងក្រោយ, មានក្រូម៉េលើផ្នែកជាច្រើន, មានជម្រើសពណ៌ខាងក្រៅពីរពណ៌លាយគ្នា និងមានរន្ធខ្យល់រលោងជាដើម។
ដំណឹងចុងក្រោយបំផុតដែលគេឮពី Mercedes គឺក្រុមហ៊ុនមានគម្រោងការបង្ហាញចេញ S-Class ស៊េរីថ្មីនៅចុងឆ្នាំ ២០២០ ហើយ Maybach S-Class នឹងបញ្ចេញតាមក្រោយអាចនៅដើមឆ្នាំ ២០២១៕