រូ​បរាងថ្មីរបស់ Toyota Camry HEV ឆ្នាំ២០២៤ គ្រោងចេញលក់នៅថៃ ក្នុងខែតុលានេះ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Thailand បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ ក្នុងប្រទេសថៃផ្ទាល់ នៅដើមខែតុលា ឆ្នាំ២០២៤ នេះ ខណៈតម្លៃលក់ប្រហែលខ្ទង់ ៤៧ ​១០០ ដុល្លារ ដល់ ៥១ ៣០០ ដុល្លារ ។

គួរបញ្ចាក់ផងថា រថយន្ត Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ របស់ប្រទេសថៃគឺទទួលបាន ៣ ជម្រើសរួមមាន HEV | HEV Premium | HEV Premium Luxury ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-Platform មានប្រវែងតួខ្លួនសរុប ៤ ៨៨៥ ម.ម ទទឹង ១ ៨៤០ ម.ម កម្ពស់ ១ ៤៤៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Toyota Hybrid System II ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥ លីត្រ ទំហំ ៤ សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបានសរុបខ្ទង់ពី ២១១ ទៅ ២៣០ សេះ ភ្ជាប់ដោយប្រអប់លេខ E-CVT ប្រភេទបើកបរប៉ុង ១ FWD​ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំងបំពាក់ជាមួយប៉ាណាមុខទំហំធំអបជាមួយចង្កៀងមុខ LED អូសកាត់ពីម្ខាងទៅម្ខាងដ៏ស្លីម និងចង្កៀងក្រោយរាងអក្សរ C ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និងដៃទ្វារប្រភេទ Flush-door ជាដើម។

ចំពោះផ្នែកខាងក្នុង ទទួលបានការរចនាថ្មី រួមជាមួយគ្រឿងបរិក្ខាស្តង់ដារមួយចំនួនរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay  Android Auto ឥតខ្សែ ក៏ដូចជា កន្លែងសាកថ្មឥតខ្សែ អេក្រងលើកញ្ជក់ទំហំ ១០ អ៊ីញ ដំបូលកញ្ជក់ panoramic sunroof ប្រព័ន្ធសម្លេង JBL ចំនួន ៦ ចំនុច ម៉ាស៊ីនត្រជាក់ ៣ ចំនុច ហើយកៅអីខាងក្រោយអាចបត់បែនបាន ៨ ចំនុច រួមជាមួយប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ដូចជា blind spot ហ្វ្រាំងអូតូ ប្រព័ន្ធរក្សាគន្លង និងមុុខងារផ្សេងៗទៀត។

គួរឲដឹងផងថា Toyota Camry HEV សេរ៊ីឆ្នាំ២០២៤ ត្រូវបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក នៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសចិននៅក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតៃវ៉ាន់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។ ខណៈ specs របស់រថយន្តនេះនៅក្នុងប្រទេសថៃនឹងរួមបញ្ជូលគ្នារវាងប្រទេសខាងលើទាំង ៣ របស់នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម