Rolls-Royce គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ចំណាស់មួយដែលល្បីឈ្មោះក្នុងការផលិតរថយន្តប្រណីតតម្លៃថ្លៃមហាសាលរបស់ចក្រភពអង់គ្លេស ហើយក្រុមហ៊ុនមួយនេះក៏មានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើន។ តទៅនេះ មកតាមដានរឿងរ៉ាវពិតមួយចំនួនទាក់ទងនឹងក្រុមហ៊ុន Rolls-Royce ដែលអាចនឹងកម្រមានអ្នកដឹង។
១. រូបប៉ាក់នៃសត្វបក្សី
រូបប៉ាក់ដែលមានភាពផ្ចិតផ្ចង់បំផុតដែលបានបំពាក់លើរថយន្ត Rolls-Royce គឺរូបប៉ាក់នៃសត្វបក្សីម្យ៉ាងឈ្មោះថា Peregrine Falcon ជាបក្សីដែលហោះបានលឿនបំផុតក្នុងលោក។ រូបប៉ាក់នេះផលិតចេញពីសរសៃអំបោះជិត ២៥ម៉ឺនសរសៃអំបោះ ហើយត្រូវចំណាយពេលរហូតដល់ជាង ១ខែដើម្បីផលិតវារួចរាល់។
២. ការរក្សាទុកទេវរូប
ទេវរូបដែលបំពាក់នៅខាងមុខរថយន្ត Rolls-Royce ត្រូវបានក្រុមហ៊ុននេះឲ្យតម្លៃខ្ពស់បំផុត ដោយនៅរោងចក្រផលិតរថយន្ត Rolls-Royce នៅ Goodwood មានរក្សាទុកទេវរូបនេះក្នុងទូរដែក ក្នុងបរិមាណមួយដែលត្រូវការសម្រាប់ការផលិតក្នុងមួយថ្ងៃ មិនមានលើសពីនេះឡើយ។ ហើយលេខកូដនៃទូរដែកនេះមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះដែលដឹង។
៣. ផលិតរថយន្តដោយដៃ
Rolls-Royce មួយគ្រឿងត្រូវចំណាយកម្លាំងមនុស្ស ៦០នាក់សម្រាប់កិច្ចការផលិតរថយន្តដោយដៃ និងត្រូវចំណាយពេល ៤០០ម៉ោងដើម្បីផលិតបានរថយន្តមួយ ហើយសម្រាប់រថយន្តប្រភេទ Bespoke វិញអាចត្រូវចំណាយពេលច្រើនជាងនេះពីរដងដោយសារភាពស្មុគស្មាញរបស់វា។
៤. មានកន្លែងកម្រិតសីតុណ្ហភាពសម្រាប់ការទុកដាក់ស្រាដ៏ល្អបំផុត
យោងតាមអ្នកជំនាញផ្នែកស្រាបានណែនាំថាសីតុណ្ហភាពល្អបំផុតក្នុងការរក្សាទុកស្រាធម្មតាគឺប្រមាណ ៦អង្សាសេ ហើយសម្រាប់ស្រាដែលមានអាយុកាលយូរឆ្នាំត្រូវរក្សាទុកនៅសីតុណ្ហភាពប្រមាណ ១១អង្សាសេ។ ដោយគិតគូរលើចំណុចនេះ Rolls-Royce បានបំពាក់ទូរក្លាសេលើរថយន្តរបស់ខ្លួនដោយអាចដំណើរការនៅកម្រិតសីតុណ្ហភាពចំនួនពីរ មានកម្រិត ៦អង្សាសេ និងកម្រិត ១១អង្សាសេ។
៥. ទឹកថ្នាំរថយន្តដែលភ្លឺចាំងដូចកញ្ចក់
ដើម្បីបានពណ៌ថ្នាំរថយន្តដែលចាំងដូចជាកញ្ចក់ រថយន្ត Rolls-Royce ត្រូវឆ្លងកាត់ការលាបថ្នាំចំនួន៥ជាន់ដោយរូប៉ូត ដែលរូប៉ូតនេះគឺមានតែនៅរោងចក្រ Rolls-Royce ប៉ុណ្ណោះ។ នៅទីតាំងណាដែលពិបាកបាញ់ដល់ នឹងត្រូវលាបថ្នាំដោយអ្នកជំនាញដែលមានបច្ចេកទេសខ្ពស់ក្នុងការលាបថ្នាំ។ ដំណើរការនៃការលាបថ្នាំនេះជាមធ្យមប្រើប្រាស់ពេល ៧ថ្ងៃ និងប្រើទឹកថ្នាំអស់ជាង ៤៥គីឡូក្រាម។
៦. ការផ្ទេរទិន្នន័យសម្លេង
នៅក្នុងរថយន្ត Rolls-Royce បានប្រើប្រាស់ខ្សែប្រវែងជាង ២៥ម៉ែត្រដើម្បីផ្ទេរទិន្នន័យនៃសំឡេង ហើយខ្សែដែលបានប្រើគឺជាប្រភេទ Fiber-Optic ដើម្បីធានាថាមិនមានសំឡេងផ្សេងចូលមករំខាននៅពេលចាក់ចម្រៀង។
ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម