រឿងពិតទាំង ៨យ៉ាង ដ៏គួរអោយចាប់អារម្មណ៍អំពីក្រុមហ៊ុនជប៉ុន Toyota (មានវីដេអូ)

និយាយដល់ម៉ាក Toyota មនុស្សភាគច្រើនច្បាស់ជាស្គាល់ច្បាស់ហើយថាវាគឺជាម៉ាករថយន្តជប៉ុនដ៏ល្បីល្បាញមួយនៅលើពិភពលោក។ ប៉ុន្តែទំរាំមានថ្ងៃនេះ ក្រុមហ៊ុនជប៉ុនមួយនេះបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ថ្ងៃនេះផ្ទាល់យើងនឹងបង្ហាញអំពីការពិតចំនួន ៨យ៉ាង ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកប្រហែលទាំងអស់គ្នាមិនបានដឹងអំពី Toyota។

១. Toyota តាមពិតចាប់ផ្ដើមឡើងក្នុងរូបរាងជាអាជីវកម្មវាយនភណ្ឌ

ពិតមែនហើយ! នៅក្នុងឆ្នាំ១៩២៤ លោក Sakichi Toyoda ស្ថាបនិក Toyota ពេលនោះគឺរូបលោកទទួលបានជោគជ័យរួចស្រេចហើយជាមួយអាជីវកម្មផលិតម៉ាស៊ីនត្បាញស្វ័យប្រវត្តិ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយលោកបានបង្កើតបាននូវម៉ាស៊ីនត្បាញដ៏ល្បីឈ្មោះមួយឈ្មោះថា Toyoda Model G Automatic Loom ដោយយកមូលដ្ឋានគ្រឹះ Jidoka ដែលមានន័យថា ម៉ាស៊ីននឹងឈប់ដំណើរការដោយស្វ័យប្រវិត្ត នៅពេលមានបញ្ហាអ្វីមួយកើតឡើង ហើយក្រោយមកវាបានក្លាយជាផ្នែកមួយនៃប្រព័ន្ធសង្វាក់ផលិតកម្មយានយន្តតូយ៉ូតារហូតមកដល់សព្វថ្ងៃដែលមានឈ្មោះថា TPS ដែលមានពាក្យពេញថា Toyota Production System។

ការបង្កើតបានស្នាដៃដ៏អស្ចារ្យនេះបាននាំឲ្យមានការបង្កើតក្រុមហ៊ុនវាយនភណ្ឌ Toyoda Automatic Loom Works  ដែលក្រោយមកការផលិតរថយន្ត Toyota បានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៩៣៣ ដោយគ្រាន់តែជាផ្នែកមួយរបស់ក្រុមហ៊ុន Toyoda Automatic Loom Works។ រហូតដល់ឆ្នាំ ១៩៣៧ ទើបមានការបង្កើត Toyota Motor ឲ្យក្លាយជាក្រុមហ៊ុនឯករាជ្យមួយ។

២. រថយន្ត Toyota ដំបូងគេបានផលិតឡើងក្នុងឆ្នាំ ១៩៣៥

ត្បិតថាក្រុមហ៊ុន Toyota Motor បង្កើតបាននៅឆ្នាំ ១៩៣៧ ប៉ុន្តែរថយន្តដំបូងរបស់ Toyota គឺផលិតបាននៅឆ្នាំ ១៩៣៥ ពេលដែលការផលិតរថយន្តគឺស្ថិតនៅជាផ្នែកមួយរបស់ក្រុមហ៊ុន Toyoda Automatic Loom Works។

៣. ក្រុមហ៊ុន Toyota ដើមឡើយគឺមានឈ្មោះថា Toyoda

ដើម្បីរក្សាឲ្យបាននូវត្រកូល Toyoda ហេតុនេះហើយទើបអាជីវកម្មវាយភណ្ឌត្រូវបានដាក់ឈ្មោះថា Toyoda ប៉ុន្តែការសរសេរឈ្មោះនេះបានផ្លាស់ប្ដូរទៅ “Toyota” វិញ ដោយសារតែឈ្មោះនេះប្រើប្រាស់តែ ៨គំនូសប៉ុណ្ណោះនៅពេលសរសេរជាពាក្យជប៉ុន ដែលលេខ៨នេះតំណាងឲ្យសំណាងល្អ។

៤. នៅប្រទេសជប៉ុន មានទីក្រុងមួយដាក់ឈ្មោះតាមក្រុមហ៊ុន Toyota

កាលពីឆ្នាំ ១៩៥៩ ទីក្រុងរបស់ជប៉ុនមួយឈ្មោះថា Koromo បានផ្លាស់ប្ដូរឈ្មោះទៅជា Toyota វិញ ដើម្បីជាការដឹងគុណដល់ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនមួយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ទីក្រុងនេះ។

៥. Toyota ផលិតរថយន្តដែលមានភាពធន់ជាងគេបំផុតមួយលើលោក

រថយន្ត Toyota មានភាពធន់ខ្លាំង ដោយប្រមាណ ៨០% នៃរថយន្ត Toyota ដែលលក់កាលពី ២០ឆ្នាំមុននៅបន្តមានបើកបរលើដងផ្លូវនាពេលបច្ចុប្បន្ននៅឡើយ។


៦. Toyota ជាក្រុមហ៊ុនរថយន្តដំបូងគេដែលអាចផលិតរថយន្តបាន ១០លានគ្រឿងក្នុងមួយឆ្នាំ

កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន Toyota សម្រេចបានសមិទ្ធផលដ៏អស្ចារ្យដោយបានក្លាយជាក្រុមហ៊ុនដំបូងគេអាចផលិតរថយន្តបាន ១០លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ។

៧. អាជីវកម្ម Toyota នៅកាន់កាប់ដោយត្រកូល Toyoda នៅឡើយ

នាពេលបច្ចុប្បន្ននេះ នាយកប្រតិបត្តិរបស់ Toyota គឺលោក Akio Toyoda ដែលរូបលោកគឺជាអ្នកជាប់សែស្រឡាយនឹងលោក Sikichi Toyoda ដែលជាអ្នកបង្កើតក្រុមហ៊ុន Toyota។

៨. Toyota មានកាន់កាប់ម៉ាករថយន្តជាច្រើនទៀត

គ្រប់គ្នាអាចដឹងច្បាស់ថា Toyota គ្រប់គ្រងម៉ាករថយន្ត Lexus ដែលជាម៉ាករថយន្តប្រណីតមួយ។ ក្រុមហ៊ុននេះក៏មានកាន់កាប់ម៉ាករថយន្ត Daihatsu, Hino រួមទាំងម៉ាករថយន្ត Scion ដែលបានបញ្ឈប់អាជីវកម្មកាលពីឆ្នាំ ២០១៦ ផងដែរ។ បន្ថែមពីនេះ Toyota ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Fuji Industries ដែលជាក្រុមហ៊ុនមេរបស់ Subaru ផងដែរ។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម