
សម្រាប់អ្នកដែលមានបំណងបើកបរលើផ្លូវល្បឿនលឿន គួរយល់ដឹងរឿងសំខាន់ៗជាមុនសិន ដើម្បីបង្ការបញ្ហាណាមួយដែលអាចកើតឡើងក្នុងអំឡុងពេលធ្វើដំណើរនៅលើផ្លូវនេះ។ អ្វីដែលត្រូវដឹងមុនគេនោះ គឺការត្រួតពិនិត្យរថយន្ត យល់ដឹងពីការកំណត់ល្បឿន និងផ្លាកសញ្ញាផ្សេងៗដែលត្រូវបានដាក់នៅតាមផ្លូវ យល់ដឹងពីការប្រើប្រាស់គន្លង ETC ព្រមទាំងបម្រាមមួយចំនួនដែលត្រូវហាមឃាត់ក្នុងពេលប្រើប្រាស់ផ្លូវនេះផងដែរ។

១. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ រួមមានការពិនិត្យបឋមទៅលើ ទឹក ប្រេងម៉ាស៊ីន និងប្រេងឥន្ធនៈឲ្យមានបរិមាណញគ្រប់គ្រាន់ ភាពដំណើរការល្អនៃភ្លើងសញ្ញាប្តូរទិស ភ្លើងហ្វា/កូត និងភ្លើងហ្វ្រាំង។ ជាមួយគ្នានេះ មិនត្រូវភ្លេចដាច់ខាតចំពោះការពិនិត្យសំបកកង់ ត្រូវមានជម្រៅក្រឡាល្អ កុំឲ្យមានស្នាមប្រេះ រហែក ប៉ោង និងពិនិត្យសម្ពាធខ្យល់ក្នុងកង់ឲ្យបានត្រឹមត្រូវ។

២. ការកំណត់ល្បឿនសម្រាប់ផ្លូវនេះ គឺយឺតបំផុត ៦០គីឡូម៉ែត្រ/ម៉ និងលឿនបំផុត ១២០គីឡូម៉ែត្រ/ម៉ សម្រាប់គ្រួសារ/ធុនស្រាល។ យ៉ាងណាមិញ ក្នុងករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាមជាកំហិត។ ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ ៤០គីឡូម៉ែត្រ/ម៉ ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ ៦០គីឡូម៉ែត្រ/ម៉ វិញ។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។


៣. គន្លងអាទិភាព ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿន ដែលស្ថិតនៅខាងឆ្វេងបង្អស់ អនុញ្ញាតឲ្យអ្នកធ្វើដំណើរចេញចូលបានលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរ។ ដើម្បីប្រើប្រាស់គន្លង ETC លោកអ្នកត្រូវចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ ETC នៅមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដោយនាំយកយានយន្តដែលត្រូវបំពាក់ទៅជាមួយ រួមនឹងឯកសារតម្រូវដូចជា៖ អត្តសញ្ញាណប័ណ្ណ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ឬ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី) ។ ជាមួយគ្នានេះ ក៏ត្រូវប្រាកដដែរថា គណនីរបស់លោកអ្នក ត្រូវមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ការទូទាត់សេវាធ្វើដំណើរ ដែលឆ្លងកាត់គន្លង ETC នេះផងដែរ។


៤. បម្រាមក្នុងពេលប្រើប្រាស់ផ្លូវល្បឿនលឿននេះ រួមមាន៖ ហាមបើកបរត្រឡប់ក្រោយ, ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ, ហាមបើកបរលើសល្បឿនកំណត់, ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់, ហាមបោះសំរាមចោលតាមផ្លូវ និងហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន៕




























