[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានបញ្ចប់ការផលិតម៉ាស៊ីនចំហេះខាងក្នុងបន្ទាប់ពីរយៈពេល ៦០ ឆ្នាំនៅរោងចក្ររបស់ខ្លួនក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលជាសញ្ញានៃការបញ្ចប់នៃយុគសម័យដ៏សំខាន់មួយ។ ក្រុមហ៊ុនក៏បានប្រកាសពីបំណងរបស់ខ្លួនក្នុងការបំប្លែងរោងចក្រទៅផលិតរថយន្តអគ្គិសនី។ ដូច្នេះ រថយន្តសាំង និងម៉ាស៊ូតនាពេលអនាគតរបស់ក្រុមហ៊ុន BMW ដែលលក់ជាអន្តរជាតិនឹងមានម៉ាស៊ីនរបស់ពួកគេផលិតនៅរោងចក្រផ្សេងទៀតរបស់ក្រុមហ៊ុនជុំវិញពិភពលោក។
ខណៈពេលដែលដៃគូប្រកួតប្រជែងជាច្រើនមានការតាំងចិត្តយ៉ាងខ្លាំងក្នុងការប្តូរទៅប្រើរថយន្តអគ្គិសនីជាមួយនឹងគោលដៅនៃឆ្នាំ ២០៣០ ក្នុងនោះ ក្រុមហ៊ុន BMW នៅតែមានការសង្ស័យ ហើយមិនគិតថាវាជាគោលដៅដែលអាចសម្រេចបាននោះទេ។ ជាលទ្ធផល ក្រុមហ៊ុនអាល្លឺម៉ង់នឹងបន្តលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុង និងម៉ូដែលរថយន្តអគ្គិសនីក្នុងពេលដំណាលគ្នានៅក្នុងទីផ្សារផ្សេងៗគ្នាជាច្រើន។
គួរឲ្យដឹងថា រោងចក្រ Munich ក៏កំពុងផលិតរថយន្តអគ្គិសនី i4 តាំងពីឆ្នាំ ២០២១ នឹងក្លាយជាកន្លែងសម្រាប់រថយន្តអគ្គិសនីថ្មីដែលមានមូលដ្ឋានលើគ្រោងឆ្អឹង Neue Klasse platform ។ លើសពីនេះ BMW ក៏បានបញ្ជាក់ផងដែរថាខ្លួននឹងចេញលក់រថយន្តអគ្គិសនី Neue Klasse ចំនួន ៦ ម៉ូដែលក្នុងអំឡុងឆ្នាំ ២០២៥-២០២៧។
ក្រៅពីរោងចក្រនៅទីក្រុង Munich ម៉ូដែលរថយន្តអគ្គិសនី BMW ជាច្រើនទៀតក៏ត្រូវបានផលិតនៅប្រទេសអាឡឺម៉ង់ផងដែររួមមាន iX, i5, i7 iX1 និង iX2 ។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រផលិតអាគុយដ៏ធំមួយនៅ Strasskirchen ផងដែរ ៕