[ទីផ្សារបរទេស] ក្រុមហ៊ុន Mercedes-Benz បានចេញផ្សាយរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសដំបូងនៃឆ្នាំ២០២២ ដែលទទួលបានលទ្ធផលវិជ្ជមានគួរកត់សម្គាល់ទោះបីប្រឈមនឹងវិបត្តិខ្វះខាតឈីប និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី។
ក្នុងនោះដែរ Mercedes-Benz Car បានកើនឡើងប្រាក់ចំណេញ ១៦,៤% នៅត្រីមាសទីមួយនៃឆ្នាំ២០២២ ខណៈដែល Mercedes-Benz Vans បានកើនឡើងប្រាក់ចំណេញចំនួន ១២,៦% ផងដែរ។ ដោយឡែកប្រាក់ចំណូលមុនគិតពន្ធគឺមានការកើនឡើង ១១% ដែលមានចំនួន ៥,៤៦ពាន់លានដុល្លារ កើនពីប្រាក់ចំណេញ ៤,៩៣ពាន់ដុល្លារ ដែលរកបានកាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។
ក្រោយពីប្រទេសរុស្ស៊ី បានចូលឈ្លានពានប្រទេសអ៊ុយក្រែន ក្រុមហ៊ុន Mercedes បានចូលរួមជាមួយក្រុមហ៊ុនផលិតរថយន្តដទៃទៀតក្នុងការផ្អាកនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី ហើយការផលិតរថយន្តរបស់ក្រុមហ៊ុនមួយចំនួននៅរុស្ស៊ីក៏បានបន្តផ្អាកមកទល់បច្ចុប្បន្នផងដែរ។
គួរដឹងថា Mercedes នាពេលបច្ចុប្បន្ននេះកំពុងតែផ្ដោតលើការពង្រីកសែស្រឡាយរថយន្តអគ្គិសនីរបស់ខ្លួន ហើយការសម្រុកប្រកាសចេញរថយន្តអគ្គិសនីជាសកលលោក ទំនងជាជួយបង្កើនប្រាក់ចំណេញបានកាន់តែច្រើននៅក្នុងឆ្នាំ២០២២នេះ៕