[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសនៅថ្ងៃនេះប្រាក់ចំណេញរបស់ខ្លួនបានថយចុះ ៤២% នៅក្នុងត្រីមាសដំបូងនៃវដ្ដអាជីវកម្មរបស់ខ្លួនដែលបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលលទ្ធផលនេះបានធ្វើឲ្យអ្នកវិភាគភ្ញាក់ផ្អើលជាខ្លាំង និងបានធ្វើឲ្យតម្លៃហ៊ុនរបស់ Toyota ថយចុះផងដែរ។
ក្នុងរយៈពេលបីខែ Toyota អាចស្វែងរកប្រាក់ចំណេញបានត្រឹមប្រមាណ ៤,៣៥ពាន់លានដុល្លារ ធៀបនឹងប្រាក់ចំណេញប្រមាណ ៧,៥ពាន់លានដុល្លារ ដែលរកបានក្នុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ អ្នកវិភាគបានរំពឹងពីការធ្លាក់ចុះនៃប្រាក់ចំណេញនេះ ប៉ុន្តែរំពឹងថាធ្លាក់ចុះ ១៥% ប៉ុណ្ណោះ។
គួរដឹងថា Toyota បានប្រឈមមុខនឹងបញ្ហានៃការផលិតដែលធ្វើឲ្យមិនអាចផលិតរថយន្តបានតាមចំនួនដែលចង់បាន។ Toyota បានប្រកាសចំនួនបីលើកនៅក្នុងត្រីមាសទីមួយនៃអាជីវកម្មរបស់ខ្លួនអំពីការកាត់បន្ថយការផលិតលើពិភពលោក ដែលជាលទ្ធផលនាំឲ្យការផលិតមានការថយចុះ ១០%។
យ៉ាងណា សម្រាប់វដ្ដអាជីវកម្មប្រចាំឆ្នាំដែលបិទបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ Toyota នៅតែប្រកាន់ខ្ជាប់ការព្យាករណ៍ដំបូងអំពីប្រាក់ចំណេញរបស់ខ្លួន និងបាននិយាយអំពីផែនការផលិតរថយន្តឲ្យបាន ៩,៧លានគ្រឿង ជាមួយការរំពឹងអំពីកំណើននៃការលក់ជាមួយរថយន្តថ្មីៗ៕