ឡូយមែន! ឡានអគ្គិសនីសុទ្ធ Toyota bZ4X ត្រៀមដាក់លក់នៅប្រទេស២នេះ ក្នុងទីផ្សារអាស៊ីអាគ្នេយ៍

[ទីផ្សារបរទេស] កាលពីចុងឆ្នាំមុន កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បញ្ចេញរថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ហើយត្រៀមនឹងដាក់លក់នៅលើទីផ្សារជាច្រើនជុំវិញពិភពលោក ដោយដំបូងគេនៅក្នុងប្រទេសជប៉ុន អឺរ៉ុប និងសហរដ្ឋអាមេរិក។ ខណៈពេលនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏កំពុងរៀបចំដាក់បង្ហាញ bZ4X នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃនៅចុងឆ្នាំនេះ និងប្រទេសម៉ាឡេស៊ីឆ្នាំក្រោយ។

យោងតាមគេហទំព័រ ​​Headlight បានឲ្យដឹងថា Toyota bZ4X នឹងបង្ហាញខ្លួននៅក្នុងប្រទេសថៃនៅចុងឆ្នាំនេះ។ លើសពីនេះ មានព័ត៌មានថា Toyota បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលថៃ លើការជួយឧបត្ថម្ភរថយន្តអគ្គិសនី ដូច្នេះម៉ូដែល bZ4X នឹងត្រូវលក់ក្នុងតម្លៃក្រោម ៥៨ ១៩៣ ដុល្លារ ដែលជាតម្លៃប្រហាក់ប្រហែលនឹងទីផ្សារអង់គ្លេស ៥២ ៧៤៥ ដុល្លារ និងថ្លៃជាងក្នុងទីផ្សារសហរដ្ឋអាមេរិក ៤២ ០០០ ដុល្លារ និងជប៉ុន ៤៦ ២៣០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា រថយន្ត Toyota bZ4X ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង Toyota New Global Architecture (e-TNGA) ដែលជាគ្រោងឆ្អឹងរថយន្តអគ្គិសនីដែលបង្កើតឡើងដោយក្រុមហ៊ុន Subaru និងស្រដៀងទៅនឹងម៉ូដែល Subaru Solterra ។ លើសពីនេះ Toyota bZ4X ក៏ចែករំលែកបច្ចេកវិទ្យាជាច្រើនពីម៉ូដែល Solterra ដែលជា X-Mode ជាមួយ Grip Control សម្រាប់ប្រភេទ AWD ដែលជួយបង្កើនការបើកបរលើផ្លូវរអិលជាដើម។

គួរឲ្យដឹងថា រថយន្តអគ្គិសនីនេះមាន ២ប្រភេទ រួមទាំងប្រភេទបើកបរដោយកង់មុខជាមួយនឹងម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ។ ខណៈ ប្រភេទបើកបរដោយកង់ទាំងបួនមានភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរអាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ។

សម្រាប់ម៉ូដែលទាំង២នេះ ភ្ជាប់មកជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង បើករបានចម្ងាយ ៥១៦ គីឡូម៉ែត្រនៅលើប្រភេទបើកបរដោយកង់ទាំងបួន និងបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រនៅលើប្រភេទបើកបរដោយកង់មុខ ក្នុងការសាកថ្មម្តង គាំទ្រឆ្នាំងសាកលឿន អាចសាកបាន ៨០% ក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម