[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ គេហទំព័រព័ត៌មានចិនជាច្រើនបានបង្ហោះរូបភាពរថយន្ត Honda CR-V ជំនាន់ថ្មី ដោយការរចនារបស់ CR-V ជំនាន់ទី៦នេះ ស្រដៀងទៅនឹងរថយន្ត HR-V ដែលត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាសាកលនៅឆ្នាំនេះ។
សម្រាប់ផ្នែកខាងមុខរបស់រថយន្ត Honda CR-V ជំនាន់ថ្មីត្រូវបានកែលម្អថ្មីទាំងស្រុងដូចជាចង្កៀងមុខ LED projector មានរាងស្លីម និងវែងជាងមុន ប៉ាណាមុខឲ្យឈ្មោះថា hexagonal។
រីឯផ្នែកចំហៀងរថយន្តមិនមានការប្រែប្រួលខ្លាំងនោះទេ អ្វីដែលគួរឲ្យកត់សំគាល់បំផុតនោះគឺកញ្ចក់ខាងក្រោយលែងមានកម្ពស់ខ្ពស់ដូចជំនាន់បច្ចុប្បន្នទៀតហើយ។ ម៉ូដែល CR-V ដែលបានបង្ហោះទំនងជាម៉ូដែលស្តង់ដារដោយសារការប្រើកង់បែប single-tone ខណៈការរចនាចង្កៀងខាងក្រោយនៅតែដដែល ប៉ុន្តែក្រាហ្វិក LED បានផ្លាស់ប្តូរ។
ផ្អែកលើរូបភាពខាងក្រោយ រថយន្ត CR-V ជំនាន់ថ្មីដែលលក់ក្នុងប្រទេសចិន នៅតែបន្តបំពាក់ដោយម៉ាស៊ីន ចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៩៣ សេះ កម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ។ លើសពីនេះ រថយន្តប្រភេទ SUV នេះ ទំនងជាមានម៉ាស៊ីន hybrid ចំនួន២ បន្ថែមទៀត គឺ e:HEV និង e:PHEV នៅលើទីផ្សារប្រទេសចិន៕