[ទីផ្សារបរទេស] ខណៈពេលក្រុមហ៊ុន Hyundai ត្រៀមខ្លួនធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Venue ស៊េរីឆ្នាំ ២០២៣ ជាមួយមុខមាត់ថ្មី នាពាក់កណ្តាលខែមិថុនា។
ជាមួយគ្នានេះ ការបង្ហាញរូបភាព 3D នៃរថយន្ត Hyundai Venue ស៊េរីឆ្នាំ ២០២៣ ត្រូវបានបែកធ្លាយនៅមុនថ្ងៃចេញលក់ ដោយបង្ហាញពីទិដ្ឋភាពលម្អិតនៃរូបរាងរបស់រថយន្ត ជាមួយផ្នែកខាងមុខត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយនឹងភាសារចនាថ្មី គឺស្រដៀងទៅនឹងម៉ូដែល Palisade ដោយមានចង្កៀងមុខប្រភទ LED ត្រូវបានទម្លាក់ឲ្យទាប និងអំពូលបំភ្លឺពេលថ្ងៃអបជាមួយនឹងប៉ាណា។ ខណៈ ចង្កៀងខាងក្រោយមានការរចនារាងការ៉េថ្មីបន្ថែមទៀត អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាងខាងមុខ-ក្រោយក៏ត្រូវបានរចនាឡើងវិញ និងបំពាក់ជាមួយថាសកង់ multi-spoke ទំហំ ១៧អ៊ីញថ្មីផងដែរ។
ចំពោះនៅផ្នែខាងក្នុងវិញ មានការផ្លាស់ប្តូរបន្តិចបន្តួចដូចជា កៅអី និងគ្រឿងស្បែកអាចនឹងត្រូវបានរចនាឡើងវិញដោយពណ៌ថ្មី ហើយអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញតាមលំនាំរថយន្ត Sonet ។ បន្ថែមពីនេះ ក៏មានបំពាក់ឧបករណ៍បំពងសំឡេងម៉ាក Bose, សេនស័រចតរថយន្តខាងមុខ, កៅអីខាងមុខដែលមានខ្យល់ចេញចូល, កន្លែងសាកថ្មឥតខ្សែ, កាមេរ៉ា ៣៦០ ដឺក្រេ ដំបូលកញ្ចក់ sunroof, ប្រព័ន្ធបន្សុតខ្យល់ បច្ចេកវិទ្យាភ្ជាប់ TPMS និងពោងសុវត្ថិភាពចំនួន ៦ចំនុចជាដើម។
និយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះ អាចមានការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ជាមួយកម្លាំង ១១៥ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គផងដែរ៕