រថយន្ត BYD Tang L ដែលជារថយន្តចុងក្រោយបំផុតនៃត្រកូលរាជវង្សរបស់ BYD ត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ក្នុងឆ្នាំ២០២៥ នេះ នៅក្នុងទីផ្សារប្រទេសចិន។
ថ្មីៗនេះ វាត្រូវបានគេប្រទះឃើញនៅលើផ្លូវហាយវ៉េ ជាមួយនឹងភាសារចនា “Dragon Face” របស់ BYD ដោយផ្តល់នូវរូបរាងប្លែកបើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយគឺបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិជាលើកដំបូង។
រថយន្ត SUV នេះត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 របស់ BYD សម្រាប់វ៉ារ្យ៉ង់ EV ហើយរួមបញ្ចូលបច្ចេកវិទ្យា DM 5.0 នៅក្នុងម៉ូដែល PHEV ។ វាមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៧៦០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម និងទម្ងន់ពី ២ ៦៧៥ ទៅ ២ ៩៦៧ គីឡូក្រាម ហើយសមត្ថភាពអូសសណ្តោងរបស់វាគឺ ២ ០០០គីឡូក្រាម។ លក្ខណៈពិសេសផ្សេងទៀតរួមមានរ៉ាដាលើដំបូល កាមេរ៉ានៅផ្នែកខាងក្រោង និងថាសកង់ទំហំ ២០ និង ២១អ៊ីញ។
ចំណែកផ្ទៃខាងក្នុងវិញ Tang L ត្រូវបានគេរំពឹងថានឹងផ្តល់ជូននូវកាប៊ីនដ៏ធំទូលាយ និងប្រណិត ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ៧នាក់។ វានឹងរួមបញ្ចូលទាំងអេក្រង់បញ្ជាកណ្តាលទំហំធំ ដៃចង្កូតរាងអក្សរ D និងកុងសូលកណ្តាលដែលមានការសាកថ្មឥតខ្សែ និងកន្លែងដាក់ពែង។ គួរឲដឹងថា វ៉ារ្យ៉ង់ EV ទទួលបានជម្រើសចំនួន ២ រួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ៦៧១សេះ
- ម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបាន ៣០៨ និង ៧៧៨សេះ
ខណៈម៉ូដែល PHEV វិញ គឺប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ២៦៨សេះ ឬម៉ូទ័រអគ្គិសនីចំនួន២ ផលិតកម្លាំងបានដល់ ៥៣៦សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ១៣៥, ១៥០ និង ១៦៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ៕