ចំនួនគូប្រជែងរបស់រថយន្តអគ្គិសនី Tesla Model 3 កំពុងតែកើនឡើងយ៉ាងខ្លាំង ជាពិសេសចេញពីប្រទេសចិន។
ជាមួយគ្នានេះដែរ ថ្មីៗនេះ គូប្រជែង Tesla Model 3 ថ្មីមួយទៀតបានលេចមុខចេញមកពីប្រទេសចិន គឺ Nezha S ដែលជាប្រភេទរថយន្ត Sedan អគ្គិសនី ទ្វារ៤ មានសមត្ថភាពមិនធម្មតា។
Nezha S មានការឌីហ្សាញទំនើប និងទាន់សម័យ ជាមួយនឹងប្រវែងតួខ្លួន ៤,៨ម៉ែត្រ ទទឹង ២ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩ម៉ែត្រ ពោលគឺធំជាង Tesla Model 3 បន្តិច។
នៅផ្នែកខាងក្នុងវាមានបំពាក់អេក្រង់កម្សាន្តបញ្ឈរ Touchscreen ទំហំធំ ជាមួយនឹងកុងទ័រឌីជីថល ឌីហ្សាញបែប minimal, កុងទ័របាញ់លើកញ្ចក់ ហើយថែមទាំងមានអេក្រង់ Touchscreen សម្រាប់អ្នកដំណើរខាងមុខទៀតផង។
រថយន្ត Nezha S ត្រូវបានផលិតលើគ្រោងឆ្អឹង Shanhai modular architecture ថ្មី ដែលអាចប្រើបានទាំងរថយន្តប្រភេទ fully electric (BEV) និង range-extender (EREV)។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើមិនទាន់បានប្រកាសចេញនូវចម្ងាយបើកបររបស់វាឡើយ ប៉ុន្តែគេរំពឹងថា វាអាចមានចម្ងាយបើកបរដល់ទៅ ៧៣០គីឡូម៉ែត្រ សម្រាប់ម៉ូដែលធម្មតា និងឡើងដល់ ១ ១០០គីឡូម៉ែត្រ សម្រាប់ម៉ូដែលចម្ងាយឆ្ងាយ នៅពេលសាកភ្លើងពេញម្តង។
រថយន្ត Nezha S ក៏មានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត៤ Level 4 autonomy ដោយក្នុងនោះរួមមាន កាមេរ៉ា ១៣គ្រាប់, សេនស័រ ultrasonic ១២គ្រាប់, រ៉ាដា millimetre-wave ៥ និង Lidar ២៕