[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Omoda ដែលស្ថិតនៅក្រោមក្រុមហ៊ុន Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Omoda C5 EV ស៊េរីឆ្នាំ ២០២៤ នៅទីផ្សារប្រទេសថៃដែលមានតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារ ។
Omoda C5 EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ២៨នាទីប៉ុណ្ណោះ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤៤២៤ មម ទទឹង ១៨៣០ មម កំពស់ ១៥៨៨ មម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២៦៣០ មម ព្រមទាំងបានបំពាក់ចង្កៀងមុខ-ក្រោយ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ រួមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ភ្លោះទំហំ ២៤,៦ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក SONY ៨ចំនុច និងកាមេរ៉ា ៥៤០ដឹក្រេជាដើម ៕