
[បរទេស] ក្រុមហ៊ុន Ruilan គឺជាក្រុមហ៊ុនថ្មីដែលបង្កើតឡើងដោយ Geely ហើយនេះគឺជារថយន្តអគ្គីសនីសុទ្ធដំបូងគេគឺម៉ូដែល RL7 EV ស៊េរីថ្មីចុងក្រោយ ប្រភេទ Mid-size SUV ដែលមានតម្លៃលក់ត្រឹមតែ ១៦ ១០០ ដុល្លារ ប៉ុណ្ណោះ ហើយ Geely នឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំ ២០២៥ នេះ នៅប្រទេសចិន។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២០០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ និងផ្គួបជាមួយអាគុយ ដែលអាចផ្តល់នៅចម្ងាយបើកបរដល់ទៅ ៦៦០ គីឡូម៉ែត្រ សាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ៤០នាទី ព្រមទាំងគាំទ្រដោយបច្ចេកវិទ្យាផ្លាស់ប្តូរអាគុយ Battery swap ក្នុងរយៈពេលតិចជាង ១នាទីប៉ុណ្ណោះ ។
ផ្នែកខាងក្រោយទទួលបានប្រព័ន្ធចាប់សញ្ញា LiDAR នៅដំបូលខាងមុខ ដំណើរការស្របជាមួយនឹងកាមេរ៉ា និងសេនស័រជាច្រើន ក្នុងការជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ ADAS ដែលអភិវឌ្ឍឡើងដោយ Geely ផ្ទាល់ ។ ក្រឡេកទៅមើលរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ ផ្តោតលើភាពស្ព័រ និងទាន់សម័កាល ឌីស្សាញចង្កៀងមុខ-ក្រោយរាងស្លីមអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងប្រភេទ LED ជាពិសេសគឺដៃទ្វាលឹបចេញ-ចូលព្រោះកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ។
ផ្នែកខាងក្នុងទទួលបានអេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកៅអីស្បែកចុចអូតូមានមុខងារខ្យល់ត្រជាក់-ក្តៅ កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ និងដំបូលកញ្ចក់ប្រភេទ Panoramic sunroof ។ លើសពីនេះ បានបំពាក់ឈីបឲ្យឈ្មោះថា E04 Chip ដែលអភិវឌ្ឍឡើងដោយ Geely ផ្ទាល់ផងដែរ ហើយក្រុមហ៊ុនអះអាងមានសមត្ថិភាពខ្ពស់ឈីប Snapdragon 8155 ទៀតផង ៕