
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Suzuki e Vitarra EVស៊េរីថ្មីចុងក្រោយ ប្រភេទ Mid-size SUV ជាមួយតម្លៃលក់ចាប់ពី ៤០ ២៩០ ដុល្លារ ដល់ ៥០ ៧៦៥ ដុល្លារ នៅទីផ្សារចក្រភពអង់គ្លេស ។
រថយន្ត ផ្តល់ជូននៅជម្រើសថាមពលចំនួន ២ រួមមាន៖
- ប្រើម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ១៨៩ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤២៨ គីឡូម៉ែត្រ
- ប្រើម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយខ្ទង់ ៥០០ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ២៧៥ ម.ម វែងជាងម៉ូដែលប្រើចំហេះក្នុង ១០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយវែង ២០០ ម.ម គឺមានប្រវែង ២ ៧០០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមើលទៅមានភាពហាប់ណែន និងទាន់សម័យ បំពាក់ប៉ាណាមុខបិទជិត តែមានកាងសម្រាប់លំហូរខ្យល់ដើម្បីបញ្ចុះកំដៅអាគុយ ចង្កៀងមុខ-ក្រោយ LED លេងការឌីស្សាញរាងជាអក្សរ Y ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy wheels ទំហំ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញទទួលបានការតុបតែងថ្មីទាន់សម័យជាងមុន ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទភ្លោះ ទំហំសរុប ២៤,៦អ៉ីញ ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ រួមទាំងប្រព័ន្ធជំនួយការអ្នកបើករ ADAS ផងដែរ ៕