កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota Motor បានប្រកាសចាប់ផ្តើមផលិតរថយន្តរបស់ខ្លួនឡើងវិញ បន្ទាប់ពីប្រកាសបញ្ឈប់ការផលិតជាបណ្តោះអាសន្នដោយសារមានបញ្ហាចម្រូងចម្រាសក្នុងការបញ្ជាក់ទិន្នន័យសុវត្ថិភាព។
ការបញ្ឈប់ការផលិតនេះបានកើតឡើងនៅខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនបានធ្វើការបញ្ឈប់ផលិតរថយន្តរបស់ខ្លួនចំនួន ៣ម៉ូឌែល រួមមាន Corolla Fielder, Corolla Axios និង Yaris Cross ក្រោយពីមានការបង្ហាញថា ទិន្នន័យតេស្តសុវត្ថិភាពដែលបានប្រើប្រាស់របស់ពួកគេមានភាពក្លែងក្លាយ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Toyota បានប្រកាសចាប់ផ្តើមផលិតរថយន្តទាំងនោះឡើងវិញ(នៅយប់ថ្ងៃចន្ទ) នៅក្នុងរោងចក្រចំនួន២ នៅក្នុងប្រទេសជប៉ុនផ្ទាល់។ ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេបានដោះស្រាយបញ្ហាដែលទាក់ទងនឹងការចុះបញ្ជីទិន្នន័យមិនត្រឹមត្រូវ និងបានបង្ហាញថារថយន្តទាំង ៣ម៉ូឌែលនេះពិតជាបានគោរពតាមស្តង់ដារសុវត្ថិភាពរបស់រដ្ឋាភិបាល។ ក្រៅពីការប្រកាសបើកផលិតកម្មឡើងវិញ ក្រុមហ៊ុន Toyota ក៏បានប្រកាសបើករោងចក្ររបស់ខ្លួនចំនួន ១៣កន្លែង នៅក្នុងប្រទេសជប៉ុន ដែលបានបិទកាលពីសប្តាហ៍មុន ដោយសារតែការជ្រៀតចូលរបស់ព្យុះទីហ្វុង Shanshan៕