ក្រុមហ៊ុន VinFast ដែលជាយីហោរថយន្តមកពីប្រទេសវៀតណាម បានប្រកាសចូលទីផ្សារប្រទេសឥណ្ឌាជាលើកដំបូងនៅពិព័រណ៍ Bharat Mobility Expo 2025 ។ បន្ទាប់ពីការបង្ហាញខ្លួននេះ ក្រុមហ៊ុនបានប្រកាសពីការចេញលក់រថយន្ត VF6 និង VF7 នៅក្នុងប្រទេសឥណ្ឌា។
បើយោងតាមលោក Ashwin Patil, អគ្គនាយករងក្រុមហ៊ុន VinFast Auto India, បានឲ្យដឹងថា ម៉ូដែលទាំងនេះនឹងត្រូវមានការកែសម្រួលបន្តិចបន្តួច ដើម្បីសម្របសម្រួលទៅនឹងតម្រូវការទីផ្សារឥណ្ឌា។ លើសពីនេះ ក៏មានគម្រោងបន្ថែមការលក់ម៉ូដែលថ្មីៗទៀតផងដែរ ប៉ុន្តែកំពុងសិក្សាពិចារណា។
ចំពោះព័ត៌មានលក្ខណៈបច្ចេកទេស និងផលិតកម្មរបស់រថយន្ត VF6 និង VF7 នឹងត្រូវនាំចូលទៅប្រទេសឥណ្ឌាតាមប្រព័ន្ធ CKD (Completely Knocked Down) ហើយនឹងត្រូវបានដំឡើងនៅរោងចក្រ Thoothukudi ក្នុងរដ្ឋ Tamil Nadu មានសមត្ថភាពផលិតដំបូង ៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែប្រសិនបើតម្រូវការកើនឡើង សមត្ថភាពអាចពង្រីកដល់ ១,៥ លានគ្រឿងក្នុងមួយឆ្នាំ។
គួរឲដឹងថា ការចូលទីផ្សារឥណ្ឌារបស់ VinFast គឺចង់បង្ហាញពីការចូលរួមក្នុងទីផ្សារថយន្តអគ្គិសនី (EV) ដែលកំពុងតែមានការកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌា៕