ស្ងាត់ៗ! ថៃ បង្កើតកំណត់ត្រាថ្មី លក់រថយន្តបានតិចជាង ៤មុឺនគ្រឿង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

បើយោងតាមឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃ បាននិិយាយថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ នេះ ប្រទេសថៃបានប្រឈមមុខនឹងការធ្លាក់ចុះ ២៥ភាគរយ ក្នុងការលក់រថយន្ត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបណ្តាលមកពីលក្ខខណ្ឌកម្ចីតឹងរ៉ឹងរបស់ធនាគារ រួមជាមួយបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសផ្ទាល់តែម្តង។

ចំពោះការលក់រថយន្តនៅចន្លោះខែមករា និងខែកញ្ញា ក្នុងប្រទេសថៃ មានចំនួនប្រហែល ៤៣៨ ០០០ គ្រឿងប៉ុណ្ណោះ ដែលធ្លាក់ចុះ ២៥ភាគរយ ខណៈការលក់នៅក្នុងខែកញ្ញាមានចំនួន ៣៩ ០០០ គ្រឿង ដែល​វាជាលើក​ទី​១ ក្នុង​រយៈ​ពេល ៥១ខែ​ ចុងក្រោយ ដែល​លក់​បាន​តិច​ជាងចំនួន ៤ ម៉ឺន​គ្រឿង ពោលគឺប្រហាក់ប្រហែលនឹងខែមេសា ឆ្នាំ២០២០ ដែលអាចលក់រថយន្តបានចំនួន ៣០ ១០៩ គ្រឿង ដោយសារតែផលប៉ះពាល់នៃការផ្ទុះឡើងនៃ Covid-19 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះលោក Surapong Paisitpattanapong អនុប្រធានក្លឹបឧស្សាហកម្មយានយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានប្រកាសកាត់បន្ថយសង្វាក់ផលិកម្មរបស់ពួកគេចំនួន ២០ភាគរយ ដោយសារបញ្ហាសេដ្ឋកិច្ចនេះ។

ទន្ទឹមនឹងនេះ ក៏ការចុះឈ្មោះយានយន្តអគ្គិសនីសរុបរយៈពេល ៨ខែ នៃឆ្នាំ២០២៤ នេះ ក្នុងប្រទេសថៃ នៅតែមានការកើនឡើងចំនួន ១៧ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម