
ស្របពេលការប្រើប្រាស់រថយន្តអគ្គិសនី មានការកើនឡើងក្នុងប្រទេសកម្ពុជា ការដាក់ពង្រាយស្ថានីយបញ្ចូលថាមពល ក៏កាន់តែច្រើនឡើងផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការ។
កាលពីចុងខែវិច្ឆិកាកន្លងទៅ ខាងវិស័យឯកជនមួយចំនួនបានស្នើសុំដាក់ទីតាំងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមបណ្តារាជធានីខេត្តដូចជា ភ្នំពេញ កោះកុង បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ស្ពឺ ដោយត្រូវបានមន្រ្តីជំនាញ ចុះពិនិត្យទីតាំងទាំងនោះ គិតពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥។

បើតាមការបញ្ជាក់របស់លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ឲ្យដឹងថា នៅអំឡុងដើមឆ្នាំ២០២៦ខាងមុខនេះ ក្នុង១ខេត្ត នៃប្រទេសកម្ពុជា នឹងមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី យ៉ាងហោចណាស់ ២ ទៅ ៣កន្លែង ដើម្បីជំរុញការប្រើប្រាស់រថយន្តប្រភេទមិនបញ្ចេញផ្សែងនេះឲ្យបានកាន់តែច្រើនថែមទៀត។
គួរដឹងថា រាល់ការធ្វើសេវាកម្មបញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវមានអាជ្ញាបណ្ណចេញដោយ អាជ្ញាធរអគ្គិសនីកម្ពុជា។ ស្ថានីយបញ្ចូលថាមពលដែលមានអាជ្ញាបណ្ណ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
-ធ្វើអាជីវកម្មស្របច្បាប់ និងការពារដោយច្បាប់
-ពុំមានការបង់ប្រាក់កក់ និងប្រាក់ភ្ជាប់ចរន្ត
-ពុំមានការចំណាយលើការវិនិយោគប្រព័ន្ធបណ្តាញអគ្គិសនី និងត្រង់ស្វូ
-មានការកំណត់ថ្លៃទិញ និងថ្លៃលក់អគ្គិសនីត្រឹមត្រូវ
-ប្រើប្រព័ន្ធគ្រប់គ្រងស្ថានីយ និងកម្មវិធីទូរសព្ទរួម៕



















