ក្នុងអំឡុងពេលមានការចាប់ល្បឿនថ្មីៗនេះ យើងសង្កេតឃើញថា រថយន្តស៊េរីចាស់ៗជាច្រើនសុទ្ធតែត្រូវបានថតជាប់ល្បឿនលើសពី ១០០គីឡូម៉ែត្រក្នុង១ម៉ោងឡើងទៅ ដូចជា Honda CRV ជំនាន់ទី១, Lexus RX300, Toyota Sienna ជំនាន់ទី២ និងជាពិសេស Lexus CT200h ដែលជាប់ល្បឿនដល់ ១៨៩គីឡូម៉ែត្រ/ម៉ោង។

ការពិតទៅ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ សម្រាប់រថយន្តទោះប្រើរយៈពេលច្រើនឆ្នាំ និងមានចម្ងាយបើកបររាប់សិបម៉ឺនគីឡូម៉ែត្រយ៉ាងណាក៏ដោយ ក៏គ្មានបញ្ហាដែរ សំខាន់បំផុតគឺការថែទាំ និងបន្ទាប់មកគឺ វិស្វកម្មមេកានិចរបស់ប្រេនរថយន្តនោះ ដូចជា Toyota ជាដើម។ ដូច្នេះខាងក្រោមនេះ គឺជាមូលហេតុខ្លះៗ ដែលធ្វើឲ្យរថយន្តស៊េរីចាស់ៗ នៅតែអាចជាន់ហ្គែរបង្កើនល្បឿនបានខ្ពស់ដោយគ្មានបញ្ហា៖
១. ការថែទាំ៖ នេះជាចំណុចសំខាន់បំផុត ដូចជាការផ្លាស់ប្តូរ ប្រេង និងទឹកស្អំ បានត្រឹមត្រូវទៀងទាត់ នោះម៉ាស៊ីន និងប្រអប់លេខ មិនងាយទៅណាទេ។
២. គ្រឿងមេកានិចសាមញ្ញៗតែពេញលេញ៖ រថយន្តស៊េរីចាស់ៗ មានបំពាក់សេនស័រតិចតួចប៉ុណ្ណោះ ដែលធ្វើឲ្យការបំពាក់គ្រឿងបង្គុំមានពេញសាច់ ពោលគឺមិនមានការកាត់បន្ថយគ្រឿងបង្គុំដើម្បីទុកចន្លោះដើម្បីដាក់សេនស័រច្រើននោះទេ ដូច្នេះក៏មិនធ្វើឲ្យការបញ្ចេញថាមពលរបស់ម៉ាស៊ីន ត្រូវកាត់បន្ថយនោះដែរ។
៣. ការផ្លាស់ប្តូរគ្រឿងបង្គុំណាមួយដែលខូចធ្វើឲ្យរថយន្តជាន់ស្ទក់ ដូចជា ប៊ូស៊ី ប៊ិចសាំង តម្រងសាំង តម្រងខ្យល់ ឬ Mass Air Flow សេនស័រជាដើម។
៤. ការប្រើប្រាស់សំបកកង់ដែលល្អ និងធន់ជាមួយល្បឿនខ្ពស់ៗ។
៥. ប្រព័ន្ធជើងក្រោមរថយន្ត មិនមានខូចចំណុចណាមួយ ដែលអាចរក្សាលំនឹងរថយន្តបានល្អ ទោះក្នុងល្បឿនលឿនយ៉ាងណាក៏ដោយ។
៦. ឥរិយាបថ និងបច្ចេកទេសបើកបរត្រឹមត្រូវ ដែលធ្វើឲ្យរថយន្តទាំងមូលនៅតែដំណើរការរលូន៕


















