ឡាន BMW មួយនេះដំបូងគេ នឹងអាចដោះសោដោយប្រើត្រឹម iPhone

Apple បាន​ប្រកាស​ចេញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​សម្រាប់ iPhone របស់​ខ្លួន​ដែល​នឹង​បញ្ចេញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ប្រើ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ពេល​ចុង​ឆ្នាំ។ ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់​ថ្មី​គឺ​មាន​បន្ថែម​នូវ​មុខងារ​ពិសេស​ដែល​អាច​ឲ្យ​គេ​​ដោះ​សោ​រថយន្ត និង​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​ដោយ​ប្រើ​ប្រាស់ iPhone។

ដើម្បី​ចាប់​ផ្ដើម ម្ចាស់​រថយន្ត​ត្រូវ​​ភ្ជាប់​ iPhone (ឬ Apple Watch) ជា​មួយ​នឹង​រថយន្ត​ដែល​គាំទ្រ​មុខងារ​​ថ្មី ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ CarKey នេះ។ ពេល​ភ្ជាប់​រួច​ ម្ចាស់​រថយន្ត​នឹង​ត្រូវ​ស្កេន​មុខ ឬ​ស្កេន​ម្រាម​ដៃ​​ដើម្បី​ដោះ​សោ​រថយន្ត​ ពេល​ដែល​ដើរ​ទៅ​ក្បែរ​រថយន្ត។ ពួក​គេ​ក៏​អាច​រើស​យក​ “Express Mode” ដើម្បី​រំលង​ការ​ស្កេន​នេះ​ផង​ដែរ។ ពេល​ចូល​ដល់​ក្នុង​រថយន្ត​ ម្ចាស់​រថយន្ត​អាច​ដាក់ iPhone ក្នុង​ហោប៉ៅ ហើយ​អាច​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នក​ប្រើ​ប្រាស់​ CarKey នេះ ក៏​នឹង​អាច​ចែក​រំលែក​សោ​ឌីជីថល​ជា​មួយ​សមាជិក​គ្រួសារ ឬ​មិត្ត​ភ័ក្តិ តាម​រយៈ​ iMessage ដោយ​​ម្ចាស់​រថយន្ត​អាច​ធ្វើ​ការ​រឹតត្បិត​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា​កំណត់​ល្បឿន​អតិបរមា​របស់​រថយន្ត ឬ​កំណត់​កម្លាំង​ម៉ាស៊ីន​រថយន្ត​ជា​ដើម។

BMW នឹង​ជា​ម៉ាក​រថយន្ត​ដំបូង​គេ​ដែល​មាន​ផ្ដល់​នូវ​មុខងារ Apple CarKey នេះ ហើយ​រថយន្ត​ដំបូង​គេ​ដែល​អាច​ប្រើ​វា​បាន​គឺ BMW 5-Series ឆ្នាំ ២០២១ ចាប់​ផ្ដើម​ពី​ខែ​កក្កដា​ ឆ្នាំ​នេះ។ Apple ក៏​កំពុង​សហការ​ជា​មួយ​ក្រុមហ៊ុន​រថយន្ត​ផ្សេង​ ដើម្បី​នាំ​យក​មុខងារ​ CarKey ដាក់​លើ​រថយន្ត​ជា​ច្រើន​ទៀត​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម