ឡាន Bugatti Chiron Sport ពណ៌ក្រហមនេះ នៅអាស៊ានមាន ២ប្រទេស មានជិះមុនគេ

រថយន្ត Bugatti Chiron Sport នេះ បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ជា​សកល កាល​ពី​ខែ​មិនា​កន្លង​ទៅ​ នៅ​ក្នុង​ព្រឹត្តិការណ៍ Geneva Motor Show ហើយ​ឥឡូវ​នេះ​ក៏​បាន​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​ដែរ។ ជា​ការ​ពិត​ណាស់ កំពូល​រថយន្ត​ស្ព័រ​របស់​ប្រទេស​បារាំង​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ទី ២ នៃ​តំបន់​អាស៊ាន បន្ទាប់​ពី​លេច​មុខ​នៅ​សិង្ហបុរី​មុន។

Bugatti Chiron Sport ពណ៌​ក្រហម (Italian Red) នេះ មិន​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ម៉ាស៊ីន ឬ ដំណើរការ​របស់​ខ្លួន​ខុស​ពី​ម៉ូដែល Chiron ធម្មតា​ឡើយ ប៉ុន្តែ​វា​បាន​ធ្វើ​ការ​កែប្រែ​គួរ​ឲ្យ​កត់សម្គាល់​ទៅ​លើ​ប្រព័ន្ធ​ចង្កូត និង ភាព​ស្ទុះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ស្ព័រ​ល្បឿន​លឿន​បំផុត​នេះ​មាន​តម្លៃ​លក់ (Base Price) ចាប់​ពី ៣,៣ លាន​ដុល្លារ​នៅ​លើ​ទីផ្សារ​អឺរ៉ុប (មិន​ទាន់​គិត​ពន្ធ) និង​ចាប់​ពី ៣,២៦ លាន​ដុល្លារ នៅ​សហរដ្ឋអាមេរិក បូក​រួម​ទាំង​ថ្លៃ​ពន្ធ , ថ្លៃ​សេវា និង ការ​ដឹក​ជញ្ជូន។ ចំណែក​ឯ​តម្លៃ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ គឺ​ចាប់​ពី ១២ លាន​រីងហ្គីត ឬ​ស្មើ​នឹង ២,៩ លាន​ដុល្លារ។

Chiron Sport មាន​ទម្ងន់​ស្រាល​ជាង​ម៉ូដែល Chiron ធម្មតា ១៨ គីឡូក្រាម ដោយសារតែ​ការ​ប្រើប្រាស់​កង់​ទម្ងន់​ស្រាល និង បន្ថែម​ការ​ប្រើ Carbon Fiber ដូចជា ផ្ដិត​ទឹក ជាដើម។ ក្រុមហ៊ុន Bugatti បាន​អះអាង​ថា Chiron Sport អាច​រត់​ដល់​ទី​លឿន​ជាង Chiron ធម្មតា ៥ វិនាទី នៅ​លើ​ទីលាន​ប្រណាំង​រថយន្ត Nardo ក្នុង​ប្រទេស​អ៊ីតាលី។

សូម​បញ្ជាក់​ថា រថយន្ត Bugatti Chiron Sport បំពាក់​ម៉ាស៊ីន​ចំណុះ ៨,០ លីត្រ Quad-Turbocharged ទំហំ ១៦ ស៊ីឡាំង (W16) មាន​កម្លាំង ១ ៤៧៩ សេះ អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០​គីឡូម៉ែត្រ ត្រឹមតែ​រយៈពេល ២,៣ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា រហូត​ដល់​ទៅ ៤២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​លេខ​កុងទ័រ​របស់​វា​មាន​ដល់​ទៅ ៥០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម