ក្រុមហ៊ុនរថយន្ត General Motors រំពឹងថានឹងលក់រថយន្តប្រមាណ ៤ ទៅ ៥ ពាន់គ្រឿងដែលនៅសេសសល់ឲ្យអស់ពីស្តុកក្នុងប្រទេសថៃ ដោយមានការផ្ដល់ការបញ្ចុះតម្លៃរហូតដល់រាប់សែនបាតឯណោះ។
តម្លៃលក់រាយថ្មីនៃរថយន្ត Chevrolet ចំនួនបីម៉ូដែលរួមមាន Captiva, Trailblazer និង Colorado ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃពុធពីសំណាក់ក្រុមហ៊ុន Chevrolet Thailand ជាក្រុមហ៊ុនរបស់ GM Thailand។
រថយន្ត Captiva មានការបញ្ចុះតម្លៃរហូតដល់ ៥០០ ០០០ បាត (ប្រមាណ ១៥ ៨៤៧ ដុល្លារ) ដែលតម្លៃពេលនេះមានចាប់ពី ៤៩៩ ០០០ បាត ដល់ ៦៩៩ ០០០ បាត ដែលស្មើប្រមាណ ១៥ ៨១៦ ដុល្លារ ដល់ ២២ ១៥៥ ដុល្លារ។
ចំណែករថយន្ត Trailblazer ចុះថ្លៃពី ១ ១៤៤ ០០០ បាត (ប្រមាណ ៣៦ ២៥៩ ដុល្លារ) មកនៅត្រឹម ៨៩៥ ០០០ បាត (ប្រមាណ ២៨ ៣៦៧ ដុល្លារ) និងរថយន្ត Colorado ចុះមកនៅ ៦៥៥ ០០០ បាត (ប្រមាណ ២០ ៧៦០ ដុល្លារ) និង ៧៧៥ ០០០ បាត (ប្រមាណ ២៤ ៥៦៤ ដុល្លារ) ប៉ុណ្ណោះ។
គួរដឹងថា General Motors បានលក់រោងចក្ររបស់ខ្លួននៅប្រទេសថៃ ទៅឲ្យក្រុមហ៊ុនរថយន្តចិន Great Wall Motors ទើបនាំឲ្យមានការលក់បញ្ចុះតម្លៃបែបនេះ ដើម្បីសម្អាតស្ដុក៕